ដោយ៖ សុផារី
ភ្នំពេញ៖ មនុស្សម្នាក់ៗ មានគំនិតខុសគ្នា ជាហេតុនាំឱ្យផ្លូវទៅកាន់ភាពជោគជ័យក៏មានភាពខុសគ្នាដែរ។ ដូច្នេះ តើភាពខុសគ្នានៃជោគជ័យនិងសមិទ្ធផលឈរនៅលើមូលដ្ឋានអ្វីខ្លះ?
ដោយ៖ សុផារី
ភ្នំពេញ៖ មនុស្សម្នាក់ៗ មានគំនិតខុសគ្នា ជាហេតុនាំឱ្យផ្លូវទៅកាន់ភាពជោគជ័យក៏មានភាពខុសគ្នាដែរ។ ដូច្នេះ តើភាពខុសគ្នានៃជោគជ័យនិងសមិទ្ធផលឈរនៅលើមូលដ្ឋានអ្វីខ្លះ?
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក បានចែករំលែកនូវទស្សនៈទាន អំពីភាពខុសគ្នានិងវិថីទៅកាន់ភាពជោគជ័យ។
អ្នកឧកញ៉ាបានសរសេរថា លោកបានអានអត្ថបទមួយនៅលើប្រព័ន្ធអ៊ិនធឺណែតដែលអត្តន័យដូចខាងក្រោម៖
សត្វដំរី និងសត្វឆ្កែមានកូនក្នុងពេលតែមួយ។ បីខែក្រោយមក សត្វឆ្កែបានផ្តល់កំណើតដល់កូនឆ្កែប្រាំមួយក្បាល។ ប្រាំមួយខែក្រោយមក សត្វឆ្កែក៏មានកូនម្តងទៀត ហើយប្រាំបួនខែទៀតបានបង្កើតកូនឆ្កែជាច្រើនទៀត។ ដំណើរនេះបានកើតឡើងជាបន្តបន្ទាប់។
១៨ខែក្រោយមក សត្វឆ្កែបានចូលមកជិតសត្វដំរី ហើយសួរថា៖ «តើអ្នកប្រាកដទេថាអ្នកមានកូន? យើងមានកូននៅថ្ងៃតែមួយ ខ្ញុំបានផ្តល់កំណើតបីដងដល់កូនខ្ញុំរាប់សិបក្បាលរួចមកហើយ ឥឡូវនេះពួកគេធំឡើងហើយ តែអ្នកនៅតែមិនទាន់កើត តើមានអ្វីកើតឡើង?” ។
សត្វដំរីបានឆ្លើយថា៖ «មានរឿងមួយដែលខ្ញុំចង់ឱ្យអ្នកយល់។ អ្វីដែលខ្ញុំមាននេះ មិនមែនជាកូនឆ្កែទេ តែជាសត្វដំរី។ ខ្ញុំកើតបានតែមួយប៉ុណ្ណោះក្នុងរយៈពេលពីរឆ្នាំម្តង។ ពេលកូនរបស់ខ្ញុំកើតមក ពិភពលោកមានអំណរសាទរ នៅពេលកូនរបស់ខ្ញុំឆ្លងកាត់ផ្លូវ មនុស្សគ្រប់គ្នាឈប់ ហើយមើលដោយការកោតសរសើរ។ អ្វីដែលខ្ញុំបង្កើតមកនឹងទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ ដូច្នេះ អ្វីដែលខ្ញុំកំពុងមាននេះ គឺមានភាពខ្លាំងនិងអស្ចារ្យ» ។
លោកបានបន្តថា៖ “សូមកុំបាត់បង់ជំនឿចិត្ត នៅពេលអ្នកឃើញអ្នកដទៃសម្រេចបានជោគជ័យ។ សូមកុំច្រណែននឹងលទ្ធផលដែលអ្នកដទៃទទួលបាន។ បើអ្នកមិនទាន់ទទួលបានជោគជ័យ សូមកុំអស់សង្ឃឹម”។
សូមនិយាយទៅកាន់ខ្លួនអ្នកថា៖ «ពេលវេលារបស់ខ្ញុំនឹងមកដល់ ហើយនៅពេលដែលវាមកដល់ មនុស្សជាច្រើននឹងកោតសរសើរពីសមិទ្ធផលនោះ»។
មនុស្សផ្សេងគ្នាពិតជាឱ្យតម្លៃខុសគ្នាទៅលើនិយមន័យនៃភាពជោគជ័យ។ អ្នកអាចស្វែងយល់ពីគុណតម្លៃរបស់អ្នកផងដែរ!
លោកបានលើកឡើងថា អត្ថបទនេះអាចធ្វើឱ្យអ្នកគិតអំពីខ្លួនឯង ហើយលោកក៏ជឿជាក់លើការដែលយើងទាំងអស់គ្នាត្រូវមានភាពជឿជាក់លើខ្លួនឯងឱ្យបានច្រើន។ ចុងបញ្ចប់លោកបានសរសើរដល់អ្នកនិពន្ធរឿងដែលបំផុសគំនិតល្អៗនេះ៕