ដោយវុត្ថា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រសួងធម្មការ និងសាសនា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទីវត្តអារាមដែលមានភាពលេចធ្លោរជាងគេ ពិសេសនៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងអភិវឌ្ឍន៍។
ជាក់ស្ដែងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ កិច្ចប្រជុំឆ្លងគោលការណ៍ណែនាំស្ដីពីវត្តទេសចរណ៍មួយ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកតុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងធម្មការ លោកជំទាវ ឆាយ ស៊ីវលីនប្រធាន CATA ជាដើម។
-->
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកទិត ចន្ថា បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន «វត្តទេសចរណ៍» នេះ គឺជាការជំរុញឱ្យទីអារាមសំខាន់ៗ នៅក្នុងតំបន់គោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយវត្តអារាម នៅតាមតំបន់គោលដៅទេសចរណ៍ធំៗនៅកម្ពុជា ឱ្យក្លាយទៅជាកន្លែងទាក់ទាញទេសចរ ឬអាចទទួលទេសចរឱ្យទៅទស្សនានៅក្នុងទីអារាមទាំងនោះបាន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងទេសចរណ៍ក៏កំពុងជំរុញទេសចរជាតិ-អន្តរជាតិ ឱ្យទៅទស្សនានៅគ្រប់គោលដៅនៃប្រទេសកម្ពុជា។
ការរៀបចំវត្តទេសចរណ៍នេះ មានគោលដៅសំខាន់ចំនួន២ រួមមាន ទី១ ទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានក្នុងរយៈពេលយូរ ចំណាយប្រាក់ច្រើននៅក្នុងប្រទេសកម្ពុជា។ ផ្តល់ឲភ្ញៀវមានជំរើសច្រើនក្នុងការទស្សនា និងម្យ៉ាងទៀត ក៏នឹងផ្ដល់នូវ ប្រភពចំណូល និងការជួយដល់វត្តអារាមទាំងនោះផងដែរ។ ទី២ ផ្ដល់ការអប់រំ និងការយល់ដឹងដល់ភ្ញៀវទេសចរ ពិសេសទេសចរអន្តរជាតិក្នុងការសិក្សា ស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ (មានចែងក្នុងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា)។

លោកទិត ចន្ថា បានបង្ហើបឱ្យដឹងថា ដើម្បីទទួលស្គាល់វត្តថាជាវត្តទេសចរណ៍បាន គឺវត្តទាំងនោះ ត្រូវតែមានសូចនាករក្នុងការកំណត់ ជាវត្តលេចធ្លោរជាងគេមានទីតាំងល្អ មានប្រវត្តិអស្ចារ្យ វត្តដែលមានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានរបៀបរៀបរយល្អស្អាត មានកិត្តិនាមល្បីល្បាញល្អ។ ព្រះសង្ឃ ឬអាចារ្យវត្ត ក៏អាចធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍បានដែរ ដើម្បីបង្ហាញពីប្រវត្តិ ឬរឿងរ៉ាវពាក់ព័ន្ធនឹងវត្តទេសចរណ៍ទាំងនោះ ប៉ុន្តែក៏ត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ណែនាំរបស់អន្តរក្រសួងដែរ ដែលនឹងចេញជាផ្លូវការនាពេលខាងមុខ។
ទោះជាយ៉ាងណា នៅតាមវត្តអារាមសំខាន់ៗមួយចំនួន នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ក៏កំពុងរៀបចំបណ្ដើរហើយដែរ និងមានទេសចរ ទស្សនាជាបន្តប ន្ទាប់ផងដែរ៕