តំបន់ផ្លូវ៥១ចាប់ផ្ដើមកែប្រែពីតំបន់អភិវឌ្ឍន៍ដីឡូត៏ទៅជាតំបន់ឧស្សាហកម្ម និងលំនៅដ្ឋាន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បើនិយាយពីផ្លូវ៥១ កាលពីមុនគឺគេនឹងឃើញដល់ឧស្សាហកម្ម ដីឡូត៏ និងអនាគតតំបន់រោងចក្រ ប៉ុន្តែមកដល់ពេលនេះផ្លូវ៥១ ចាប់ផ្ដើមកែប្រែពីតំបន់អភិវឌ្ឍន៍ដីឡូត៏ទៅជាតំបន់អភិវឌ្ឍន៍លំនៅឋាន និងឧស្សាហកម្មជាបណ្ដើរៗហើយ ។ នេះបើតាមការលើកឡើងរបស់អភិវឌ្ឍន៍ដីឡូត៏នៅតំបន់ប៉ែកខាងលិចរាធានីភ្នំពេញ។

លោកចេ សុន អ្នកអភិវឌ្ឍន៍ដីឡូត៏និងដីលំហែជាយរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Property Area ឱ្យដឹងនាព្រឹកថ្ងៃទី២៥ តុលានេះថា ពេលនេះតំបន់ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ ចាប់ផ្ដើមមានការអភិវឌ្ឍជាលំនៅឋាន និងរោងចក្រឧស្សាហកម្មច្រើនហើយ ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចូលទៅកាន់តំបន់នោះ និងធ្វើសកម្មភាពក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់។

លោកបន្តថា “កាលពីមុនតំបន់នេះគឺជាតំបន់ដីឡូត៏ ដោយប្រជាពលរដ្ឋជាច្រើនបានទិញដីនៅតាមបណ្ដោយផ្លូវ៥១ សម្រាប់ទុកសង់លំនៅឋានផ្ទាល់ខ្លួន ហើយមកដល់ពេលនេះដីឡូត៏ ដែលពលរដ្ឋបានទិញ ក៏ចាប់ផ្ដើមរៀបចំសាងសង់ដោយខ្លួនឯង”។ លោក​បន្តថា “មិនតែប៉ុណ្ណោះ ក្រុមហ៊ុនឯកជន ជាច្រើនទៀតដូចជាបុរីម៉ន ដានី ជាដើមក៏បានទៅអភិវឌ្ឍន៍លំនៅឋានសម្រាប់ផ្គត់ផ្គង់នៅតំបន់នោះដែរ”។

លោកចេ សុនបានបន្ថែមថា សម្រាប់រូបលោកផ្ទាល់ក៏បាន និងកំពុងរៀបចំសាងសង់ជាផ្ទះលំហែនៅជើងភ្នំ ដើម្បីផ្គត់ផ្គង់ជូនអតិថិជន ដែលមានតម្រូវការខាងផ្ទះលំហែ ប៉ុន្តែលោកក៏បន្តអភិវឌ្ឍន៍ដីឡូត៏ និងដីលំហែនៅខាងលិចតំបន់ផលូវ៥១នេះដែរ ពីព្រោះថាដី៥១វាមិនអាចអភិវឌ្ឍន៍ដីឡូត៏ទៀតទេ វាចង្អៀតហើយ ។

អ្នកអភិវឌ្ឍន៍លំនៅឋាននៅតំបន់ផ្លូវ៥១ ក៏បានលើកឡើងពីសក្ដានុពលនៃតំបន់នេះផងដែរ ដោយនិយាយថា តំបន់ផ្លូវ៥១ជាផ្លូវដែលតភ្ជាប់ ទៅកាន់ផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ដូចជា ភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តជាយដែននៃប្រទេសនិងជាផ្លូវសំខាន់ ក្នុងការដឹកជំនិញចេញទៅកាន់កំពង់ផែ និងទៅកាន់ព្រំដែនកម្ពុជា។

លោកស្រីសុខ ស្រីអូនម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏ និងលំនៅឋានតាមបណ្ដោយផ្លូវ៥១បាននិយាយថា អនាគតផ្លូវនេះ នឹងក្លាយជាតំបន់ឧស្សាហកម្ម ដ៏មានសក្ដានុពល ហើយនឹងមានមនុស្សរស់នៅកាន់តែច្រើន ជាក់ស្ដែងបច្ចុប្បន្ននេះ ក៏មានមនុស្សចាប់ផ្ដើមងាកមករស់នៅក្នុងតំបន់ផ្លូវ៥១បណ្ដើរៗហើយផងដែរ ។

លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងផងដែរ តំបន់ខាងលិចភ្នំពេញ ដែលសំដៅដល់ខេត្តកំពង់ស្ពឺ នឹងមានការទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍវិស័យឧស្សាហម្ម ជាពិសេសនៅតាមបណ្ដោយផ្លូវ៥១ នឹងកាន់តែមានអ្នកចាប់អារម្មណ៍ លើឧស្សាហកម្មកាន់តែច្រើន។

លោកបន្តថា “កត្តាជំរុញឱ្យផ្លូវនេះមានការទាក់ទាញ លើឧស្សាហកម្មដោយសារតែទីតាំងងាយស្រួល ក្នុងការដឹកជញ្ជូនចេញចូលទៅកាន់កំពង់ផែ និងទៅកាន់ច្រកព្រំដែននៃប្រទេសកម្ពុជាថៃផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here