ដោយៈ សុផារី
ភ្នំពេញៈ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងថាពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ លោកគុណ ញឹមបានឲ្យដឹងថា គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលមានរយៈពេល៤០ថ្ងៃ គឺមានម្ចាស់រថយន្តចង្កួតឆ្វេងចំនួន៣៥២គ្រឿង បានចូលមកបង់ពន្ធ បានចំណូលពន្ធ៥.៨ដុល្លារអាមេរិក។ ចំណែករថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន១៩០គ្រឿង មានទឹកប្រាក់ចំនួន១.៥លានដុល្លារអាមេរិក”។
            
 






