វិនិយោគិននឹងពិចារណាទីតាំងវិនិយោគលើតំបន់ប៉ែកខាងត្បូងភ្នំពេញក្រោយទឹកជំនន់២ឆ្នាំជាប់គ្នា

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ពោលគឺឆ្នាំ២០២០និងឆ្នាំ២០២១នេះ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដូចជានៅតំបន់គួរស្រូវ និងសង្កាត់មួយចំនួននៅខណ្ឌដង្កោបានទទួលរងគ្រោះ ដោយសារទឹកជំនន់លិចផ្ទះ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិព្រមទាំងពិបាក ក្នុងការធ្វើដំណើរចេញចូលធ្វើការជាដើម។

បន្ទាប់ពីមានបទពិសោធន៍ពីរឆ្នាំជាប់គ្នា វិនិយោគិននិងពលរដ្ឋអាចនឹងពិចារណាលើការទិញអចលនទ្រព្យនៅតំបន់ប៉ែកខាងត្បូង ពីព្រោះតែខ្លាចរអារនឹងគ្រោះធម្មជាតិបែបនេះ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្ពស់ ក៏ធ្វើឱ្យតំបន់មួយចំនួននៅប៉ែកខាងត្បូង ទទួលរងការលិចលង់ជាបន្តបន្ទាប់ ហើយអាជ្ញាធរក៏បានចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋ ចាកចេញពីផ្ទះទៅរកទីទួលមានសុវត្ថិភាព។ ក្នុងពេលទឹកនៅតែបន្តហក់ឡើងបែបនេះ ពលរដ្ឋរស់នៅក្នុងបុរីមួយចំនួនដែលធ្លាប់លិចលង់ ដោយសារតែទឹកជំនន់កាលពីមុននោះ ក៏កំពុងមានការព្រួយបារម្ភខ្លាចទឹកបន្តហក់ឡើងនិងធ្វើឱ្យលិចលង់ខ្លាំងដូចឆ្នាំមុន ។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា បើគ្រោះទឹកជំនន់នៅតែបន្តកើតឡើងមួយឆ្នាំហើយមួយឆ្នាំទៀត វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោ​គ និងប្រជាពលរដ្ឋ ។នៅពេលពលរដ្ឋបារម្ភពីសវុត្ថិភាព ពួកគាត់អាចនឹងខ្លាចរអារក្នុងទិញផ្ទះសម្រាប់ស្នាក់នៅតំបន់ ដែលមានការលិចលង់បែបនេះ ។

លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុន Advance បានឱ្យដឹងថា បើសិនជាស្ថានភាពទឹកជំនន់នៅតំបន់កំពុងលិចនេះ មានរយៈពេលខ្លីហើយវាស្រកទៅវិញលឿន នោះមិនវាមិនជាប៉ះពាល់អ្វីទេ ប៉ុន្តែបើសិនជាស្ថានភាពនៅតែបន្តអូសន្លាយយូរ វានឹងធ្វើឱ្យប៉ះពាល់ដល់រូបភាព នៃការសម្លឹងស្វែងរកការវិនិយោគរបស់វិនិយោគិន ហើយប្រជាពលរដ្ឋដែលចង់ផ្លាស់ប្តូរទីលំនៅ ទៅកាន់តំបន់ប៉ែកខាងត្បូង ក៏នឹងរារែកក្នុងការទៅកាន់តំបន់នោះដែរ។
លោកបន្តថា “ឆ្នាំមុនយើងក៏មានគ្រោះទឹកជំនន់ កើតមាននៅតំបន់ហ្នឹងដែរ ហើយឆ្នាំនេះវាក៏កើតឡើងម្ដងទៀត ដូច្នេះបើសិនជាវានៅតែកើតឡើងដដែលៗ នោះវានឹងប៉ះពាល់ទៅដល់ស្ថានភាពអចលនទ្រព្យ នៅក្នុងតំបន់ដែលរងគ្រោះនោះ”។

រហូតមកដល់យប់ថ្ងៃទី២៧តុលា ២០២១នេះ ស្ថានភាពទឹកជំនន់នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តគំរាមកំហែងដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយអាជ្ញាធរក៏បានប្រកាសផ្អាកចរាចរណ៍ លើផ្លូវមួយចំនួនក្នងតំបន់នោះផងដែរ ពីព្រោះតែទឹកបានហូរកាត់ផ្លូវ។ អាជ្ញាធរក៏បានប្រកាសឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នបើសិនជាមានស្ថានភាពមិនស្រួល សូមឱ្យចាកចេញពីផ្ទះទៅរកទីកន្លែងសុវត្ថុភាព។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា ទីតាំង ទីតាំង ទីតាំងមានសារៈសំខាន់ណាស់ នៅពេលអ្នកវិនិយោគសម្រេចចិត្តវិនិយោគនៅតំបន់ណាមួយ ព្រោះទីតាំាំងមានសារៈសំខាន់លើមូលដ្ឋានជាច្រើន​ដូចជា ទី១ ការធ្វើទីផ្សារ និងការលក់ ទី២ ទំនុកចិត្ត និងបញ្ហាប្រឈម និងទី៣ បញ្ហាកើតមានដោយសារគ្រោះធម្មជាតិនានា។

លោកបន្តថា “បញ្ហានៅតំបន់ភាគខាងត្បូងរាជធានី ជាបញ្ហាកើតមានជាយូរមកហើយ ដោយសារតំបន់នេះមានដដីទំនាបលិចទឹក និងរងផលប៉ះពាល់ពីទឹកជំនន់ដែល​កើតមានស្ទើររាល់ឆ្នាំដោយសារស្ទឹងព្រែកត្នោត”។លោកបន្តថា “ទោះជាវាមិនរងផលប៉ះពាល់ជាប្រចាំក្តី ប៉ុន្តែកម្រិតទំនុកចិត្តអាចជាបញ្ហាមួយ សម្រាប់ទីផ្សារអចលនទ្រព្យនៅតំបន់នោះនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here