ដោយៈសុខុម
សឹង្ហបុរី: ក្រុមហ៊ុនជប៉ុន Mitsubishi Power ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi Heavy Industries បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ តុលា នេះថា ខ្លួនបានចាប់ផ្តើមដំណើរការពាណិជ្ជកម្មហើយ នូវទួបីនផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិកម្លាំង៥០០មេហ្គាវ៉ាត់ (MW) ក្នុងរោងចក្រអគ្គិសនី Muara Karang Power Plant របស់ប្រទេសឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្ម ធំបំផុតរបស់ពិភពលោក កំពុងរៀបចំផែនការឆ្ពោះទៅរកការបោះបង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្មរបស់ខ្លួនបន្តិចម្តងៗ ដើម្បីចូលរួមចំណែកជាមួយពិភពលោក ឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០២៦។
ប្រព័ន្ធទួប៊ីនផលិតអគ្គិសនីដើរ ដោយឧស្ម័នធម្មជាតិថ្មី (GTCC) នេះត្រូវបានសាងសង់ឡើងសម្រាប់រោងចក្រអគ្គិសនី Muara Karang Power Plant ដែលអាចស្ថិតក្នុងចំណោមរោងចក្រអគ្គិសនីដំបូងៗ គេក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនឹងឈប់ប្រើប្រាស់ធ្យូងថ្មនៅត្រឹមឆ្នាំ២០៣០។
លោក Kazuki Ishikura ប្រធានក្រុមហ៊ុន Mitsubishi Power Indonesia ប្រចាំប្រទេសឥណ្ឌនេស៊ីបានថ្លែងថា “ក្រុមហ៊ុន Mitsubishi Power ប្តេជ្ញាគាំទ្រដល់តម្រូវការដែលកំពុងកើនឡើងនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងបច្ចេកវិទ្យាទួប៊ីនផលិតអគ្គិសនីដើរដោយឧស្ម័នរបស់យើង ដែលអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានច្រើន បើធៀបទៅនឹងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម”។
រោងចក្រអគ្គិសនី Muara Karang Power Plant ដែលគ្រប់គ្រងដោយក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ Perusahan Listrik Nasional នេះមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា និងផ្គត់ផ្គង់តម្រូវការអគ្គិសនីនៅក្នុងទីក្រុងនេះ។
ក្រុមហ៊ុន Mitsubishi Power បានចេញសេចក្តីថ្លែងការណ៍ថា គម្រោងនេះក៏ជាផ្នែកនៃកម្មវិធីប្រកបដោយមហិច្ឆតា របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ឆ្ពោះទៅរកការអភិវឌ្ឍថាមពលថ្មីឱ្យបានរហូតដល់ទៅ៣៥ជីហ្គាវ៉ាត់ (GW)។
ប្រទេសឥណ្ឌូណេស៊ី មានផែនការបន្ថែមថាមពលអគ្គិសនី ឱ្យបាន៣៥ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០២៩ ប៉ុន្តែខ្លួនសម្រេចបានតែ៣០.២% នៃគោលដៅប៉ុណ្ណោះគិតត្រឹមដំណាច់ខែកញ្ញា៕ Reuters៕