ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ បណ្តាខេត្តមួយចំនួនបាន និងកំពពុងស្ថិតក្នុងគោលដៅវវិនិយោគរយៈពេលវែង លើវិស័យអចលនទ្រព្យ និងសកម្មភាពសេដ្ឋកិច្ចដទៃទៀត ស្របពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មីៗ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាបន្តបន្ទាប់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៨ តុលានេះថា បណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យរយៈពេលវែង មានដូចជា ខេត្តព្រះសីហនុ បាត់ដំបង កំពត កែប និងមណ្ឌលគិរី ដែលបច្ចុប្បន្នអ្នកវិនិយោគជាច្រើនបាន និងកំពុងឆ្ពោះទៅកាន់គោលដៅទាំងនោះ។
លោកបន្តថា “សំរាប់សកម្មភាពទិញលក់ដីធ្លី នៅតែមានភាពសកម្មនៅតាមខេត្តទាំងនោះ បើទោះជាក្នុងបរិបទកូវីដ១៩ក្តី ប៉ុន្តែអ្នកវិនិយោគនៅតែបន្តវិនិយោគ ដើម្បីរកផលចំណេញ ពិសេសលើអចលនទ្រព្យមានតម្លៃក្រោមទីផ្សារ”។លោកបន្តថា “ចរនត្នៃការវិនិយោគនៅកម្ពុជា នៅតែបន្តមានការវិនិយោគទាំងក្នុងក្រុង និងតំបន់ជាយក្រុង”។
លោកច្រឹក សុខនីមបានបន្តថា ការបើកប្រទេសឡើងវិញនាពេលឆាប់ៗនេះ វិស័យឯកជនមានភាពរីករាយ និងស្វាគមន៍យន្តការថ្មីរបស់រាជរដ្ឋាភិបាល ប៉ុន្តែទោះជាយ៉ាងណាកិច្ចការទាំងអស់នេះ គឺចាប់ផ្តើមពីអ្នកក្នុងស្រុកសិន ហើយសម្រាប់អ្នកវិនិយោគបរទេស ពួកគេនឹងអាចមកវិញ នៅពេលស្ថានភាពការចាក់វ៉ាក់សាំងនៅតាមប្រទេសទាំងនោះមានភាពល្អប្រសើរ។
ជាមួយគ្នានេះ លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍សម្តែងក្តីរីករាយផងដែរ នៅក្នុងឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសបើកសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ ដោយលោកបានមើលឃើញចរន្តសេដ្ឋកិច្ច ពិសេសការទិញលក់ក្នុងវិស័យអចលនទ្រព្យ បានកើនឡើងវិញយ៉ាងប្រសើរ។
លោកបន្តថា “ពេលនេះអ្នកវិនិយោគ ពួកគេបានចាប់ផ្តើមបញ្ចេញកញ្ចប់លុយដែលផ្អឹបទុក យកមកវិនិយោគលើវិស័យអចលនទ្រព្យបណ្តើរៗឡើងវិញហើយ”៕