ធនាគារ ព្រីនស៍ វិនិយោគ១៥លានដុល្លារ លើសញ្ញាបណ្ណ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

0

ដោយ៖ សុធារី

ភ្នំពេញ៖ ធនាគារ ព្រីនស៍ ម.ក បានវិនិយោគទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្មឯកជនរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) ដែលចេញដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងក្នុងពិធីចុះហត្ថលេខា ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក ហ្គុយ ឆាយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង ធនាគារ ព្រីនស៍ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលសិទ្ធិសម្បទានផ្តាច់មុខ លើអាកាសយានដ្ឋាននេះ ដែលរួមមាន៖ សិទ្ធិកម្មសិទ្ធិ ការរចនា ការសាងសង់ ហិរញ្ញប្បទាន ប្រតិបត្តិការ ការថែទាំ និងការគ្រប់គ្រងគម្រោងជាដើម។
អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ នៅក្នុងទីរួម ខេត្តកណ្តាល ដែលមានផ្ទៃក្រឡាលាតសន្ធឹងនៅលើ ផ្ទៃដីជាង២៦០០ហិកតា។

បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរ អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយជាអាកាសយានដ្ឋានដ៏ធំជាងគេទីប្រាំបួន នៅលើពិភពលោក និងជាអាកាសយានដ្ឋានដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ ដែលនឹងមកជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់។ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here