ដោយ៖ សុផារី
ស្វាយរៀង៖ ក្រុមហ៊ុនសម្បកកង់យានយន្ត Sialun លំដាប់ពិភពលោកមកពីប្រទេសចិន បានបើកដំណើរការរោងចក្រផលិតសម្បកកង់យានយន្តទី១នៅកម្ពុជាជាផ្លូវការហើយ ដោយប្រើប្រាស់វត្ថុធាតុដើមកៅស៊ូក្នុងស្រុកសុទ្ធ១០០%។
ក្នុងឆ្នាំដំបូង រោងចក្រត្រូវការកៅស៊ូប្រមាណ៥មុឺនតោន ក្នុងមួយឆ្នាំ និងឆ្នាំទី៥ កើនដល់១សែន៥មុឺនតោនក្នុងមួយឆ្នាំ ដែលស្មើនឹង៤៣% នៃផលិតផលកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Cart Tire Co., Ltd ដែលបើករោងចក្រនៅក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជានេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sailun ដែលវិនិយោគក្នុងទឹកប្រាក់សរុបចំនួន៣៥០លានដុល្លារសហរដ្ឋអាមេរិក ។
ផលិតផលសម្បកកង់យានយន្តនឹងត្រូវនាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប ហើយកម្ពុជានឹងក្លាយជាប្រទេសថ្មីមួយទៀតនៅក្នុងពិភពលោកដែលផ្គត់ផ្គង់សម្បកកង់យានយន្តនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ក្រុមហ៊ុនចិនមួយនេះក៏មានរោងចក្រនៅក្នុងប្រទេសវៀតណាមផងដែរតាំងពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសម្បកយានយន្តក្នុងទុនវិនិយោគប្រមាណ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង៤,០០០កន្លែងជូនដល់ដល់កម្មករនិយោជិត។
នៅពាក់កណ្តាលឆ្នាំ២០២២ កម្ពុជាក៏ត្រៀមដំណើរការរោងចក្រផលិតសម្បកកង់យានយន្តមួយទៀតនៅក្នុងខេត្ត ព្រះសីហនុ ផងដែរ ក្នុងទុនវិនិយោគជាង២០០លានដុល្លារ របស់ក្រុមហ៊ុន Jiangsu General ដែលមានសមត្ថភាពផលិតសម្បកកង់រហូតដល់៦លាន ក្នុងមួយឆ្នាំ៕