ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះអាចនឹងកើនឡើងវិញហើយខ្ពស់ជាងការព្យាករណ៍កាលពីពេលថ្មីៗនេះ ។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា២០២១ ឃើញថាស្ថានភាពអាជីវកម្ម នៅតាមវិស័យនានាដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ក៏បានងើបឡើងវិញ ជាក់ស្ដែងកាលពីអំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូកកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋប្រមាណ៩០ម៉ឺនចេញធ្វើដំណើរកម្សាន្ត និងធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ក៏បានងើបមកបម្រើការទទួលភ្ញៀវទេសចរឡើងវិញ ។
សម្ដេចតេជោ មានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញយើងបានឃើញថាវិស័យជាច្រើនគាំទ្រដល់កំណើនសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ក្នុងនោះយើងក៏បានបើកឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំពិធីមង្គលការកូនប្រុសស្រី រៀបចំកម្មវិធីនានា ហើយអាជីវកម្មទេសចរណ៍ក៏ឃើញមានសកម្មភាពឡើងវិញជាបន្តបន្ទាប់ផងដែរ ។
សម្ដេចថា “កាលពីពេលថ្មីៗនេះ មានអង្គការ ស្ថាប័នមួយចំនួនបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១នេះត្រឹមរង្វង់២ភាគរយ តែដោយឃើញស្ថានភាពសេដ្ឋកិច្ចសកម្មភាពអាជីវកម្ម នានាបានកម្រើកឡើងវិញយើងអាចនឹងសម្រេចបានលើសនេះហើយអាចដល់៣ភាគរយនៅឆ្នាំ២០២១នេះ”។
សម្ដេចបន្តថា ការបើកប្រទេសឡើងវិញនៅពេលនេះ យើងនឹងមិនថយក្រោយវិញទេ គឺយើងទៅមុខហើយ ពីព្រោះយើងមានវ៉ាក់សាំងចាក់ជូនពលរដ្ឋស្ទើរតែគ្រប់គ្នាទៅហើយ ដោយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស១៦លាននាក់ យើងចាក់បានជាង១៤លាននាក់ទៅហើយ និងបន្តចាក់ជូនពលរដ្ឋជាបន្ទាប់ ដូសទី៣ និងចាក់ជូនកូនក្មេងបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោហ៊ុន បន្ថែមថា យើងក៏បានអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័កនោះទេ តែអ្នកទាំងនោះត្រូវតែចាក់វ៉ាក់សាំងបាន២ដូស ហើយមកដល់ព្រលានយន្តហោះត្រូវធ្វើតេស្តរហ័ស ។ បើសិនជាតេស្តមិនឃើញមានកូវីដ១៩ អ្នកដំណើរទាំងនោះអាចដើរហើរដោយសេរីនៅក្នុងប្រទេសកម្ពុជា ដែលខុសពីកាលមុនយើងគ្រោងធ្វើចត្តាឡីស័ក៥ថ្ងៃនៅក្នុងខេត្តឬតំបន់ដែលគាត់បានមកដល់ តែពេលនេះយើងបានផ្លាស់ប្តូរហើយ ។ ការផ្លាស់ប្តូរឱ្យអ្នកដំណើរបរទេសចូលមកដោយមិនចត្តាឡីស័កនេះនឹងធ្វើឱ្យវិស័យទេសចរណ៍ វិស័យសេវាកម្មនានាទៀតនឹងមានកំណើនកាន់ខ្លាំងវិញ៕