ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ អាចនឹងកើនឡើងវិញហើយខ្ពស់ជាងការព្យាករណ៍កាលពីពេលថ្មីៗនេះ ។
សម្តេចបានមានប្រសាសន៍ ក្នុងពិធីបើកសម្ភោធឲ្យដំណើរការស្ពានស្ទឹងត្រង់ ក្រូចឆ្មារនាព្រឹកថ្ងៃទី២៣ វិច្ឆិកានេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ កាលពីដើមខែវិច្ឆិកា២០២១ ឃើញថាស្ថានភាពអាជីវកម្ម នៅតាមវិស័យនានាដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏បានងើបឡើងវិញ ជាក់ស្ដែងកាលពីអំឡុងថ្ងៃឈប់សម្រាកបុណ្យអុំទូកកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋប្រមាណ១,១លាននាក់ ចេញធ្វើដំណើរកម្សាន្ត និងធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏បានងើបមកបម្រើការទទួលភ្ញៀវទេសចរឡើងវិញ។
សម្ដេចតេជោមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញ យើងបានឃើញថាវិស័យជាច្រើន គាំទ្រដល់កំណើនសេដ្ឋកិច្ចបានងើបឡើងវិញជាបន្តបន្ទាប់ ក្នុងនោះយើងក៏បានបើកឱ្យបងប្អូន ប្រជាពលរដ្ឋរៀបចំពិធីមង្គលការកូនប្រុសស្រី រៀបចំកម្មវិធីនានា ហើយអាជីវកម្មទេសចរណ៍ ក៏ឃើញមានសកម្មភាពឡើងវិញជាបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោបានថា “កាលពីពេលថ្មីៗនេះ មានអង្គការ ស្ថាប័នមួយចំនួនបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះត្រឹមរង្វង់២ភាគរយ តែដោយឃើញស្ថានភាពសេដ្ឋកិច្ចសកម្មភាពអាជីវកម្ម នានាបានកម្រើកឡើងវិញ យើងអាចនឹងសម្រេចបានលើសនេះ ហើយអាចដល់៣ភាគរយនៅឆ្នាំ២០២១នេះ”។
សម្ដេចបន្តថា ការបើកប្រទេសឡើងវិញនៅពេលនេះ យើងនឹងមិនថយក្រោយវិញទេ គឺយើងទៅមុខហើយ ពីព្រោះយើងមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ស្ទើរតែគ្រប់គ្នាទៅហើយ ដោយក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស១៦លាននាក់ យើងចាក់បានជាង១៤លាននាក់ទៅហើយ និងបន្តចាក់ជូនពលរដ្ឋជាបន្ទាប់ដូសទី៣ និងចាក់ជូនកូនក្មេងបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោហ៊ុន សែនបានបន្ថែមថា យើងក៏បានអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័កនោះទេ តែអ្នកទាំងនោះត្រូវតែចាក់វ៉ាក់សាំងបាន២ដូស ហើយមកដល់ព្រលានយន្តហោះត្រូវធ្វើតេស្តរហ័ស។ បើសិនជាតេស្តមិនឃើញមានកូវីដ១៩ អ្នកដំណើរទាំងនោះអាចដើរហើរដោយសេរី នៅក្នុងប្រទេសកម្ពុជា ដែលខុសពីកាលមុន យើងគ្រោងធ្វើចត្តាឡីស័ក៥ថ្ងៃនៅក្នុងខេត្ត ឬតំបន់ដែលគាត់បានមកដល់ តែពេលនេះយើងបានផ្លាស់ប្តូរហើយ។
សម្តេចបន្តថា “ការផ្លាស់ប្តូរឱ្យអ្នកដំណើរបរទេស ចូលមកដោយមិនចត្តាឡីស័កនេះនឹងធ្វើឱ្យវិស័យទេសចរណ៍ វិស័យសេវាកម្មនានាទៀត នឹងមានកំណើនកាន់ខ្លាំងវិញ”៕