ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនអាមេរិក កាន់តែច្រើនបានប្រកាសផែនការ ពង្រីកអាជីវកម្មរបស់ខ្លួន និងចាក់បញ្ចូលទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលរួមចំណែកជួយជំរុញសន្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។
ដំណឹងដ៏គួរឱ្យសាទរនេះ គឺជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូត Michael Michalak ដែលជាអនុប្រធាន និងជានាយកគ្រប់គ្រងថ្នាក់តំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅក្នុងកិច្ចប្រជុំតាម Video Conference ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា កាលពីពេលថ្មីៗនេះ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីតំណាងស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើន រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើមផងដែរ។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា “បណ្ដាក្រុមហ៊ុនអាមេរិក បានបង្ហាញសុទិដ្ឋិនិយមចំពោះការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ជាពិសេសនៅក្នុងការគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា អំឡុងសម័យកូវីដ-១៩”។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់៥,៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១ នេះ ដោយទទួលបានកំណើន២៨,៤%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕