ដោយៈសុខុម
សៀងហៃ: ក្រុមហ៊ុន Tesla គ្រោងបោះទុនវិនិយោគរហូតដល់១,២ពាន់លានយ័ន (១៨៨លានដុល្លាអាមេរិក) ដើម្បីពង្រីកសមត្ថភាពផលិតកម្ម នៅរោងចក្ររបស់ខ្លួនក្នុងក្រុងសៀងហៃ ដែលនឹងផ្ដល់ឱកាសការងារ ដល់មនុស្ស៤.០០០នាក់បន្ថែមទៀត។ នេះបើតាមកាសែតចិន Beijing Daily ចុះផ្សាយនៅថ្ងៃសុក្រ ទី២៦ វិច្ឆិកា នេះ។
ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីការឆ្លើយបំភ្លឺជុំវិញបញ្ហានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក របស់កំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោក Elon Musk នេះមិនបានឆ្លើយតបនោះឡើយ។
ឯកសារដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានបង្ហាញថា ការពង្រីកសមត្ថភាពនេះនឹងផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុន Tesla បន្ថែមបុគ្គលិកចំនួន ៤.០០០នាក់ ដែលធ្វើ ឱ្យចំនួនបុគ្គលិកសរុបធ្វើការនៅរោងចក្រនេះ កើនឡើងដល់ ១៩.០០០នាក់។
រោងចក្រនៅសៀងហៃ របស់ក្រុមហ៊ុនTesla ត្រូវបានរចនាឡើងដើម្បីផលិតរថយន្តឱ្យបានរហូត ដល់ ៥០០.០០០គ្រឿងក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នរោងចក្រនេះមានសមត្ថភាពផលិតរថយន្ត Model3 និង Model Y ក្នុងអត្រា ៤៥០.០០០គ្រឿងក្នុងមួយឆ្នាំ។
ការលក់របស់ក្រុមហ៊ុននេះនៅប្រទេសចិន កំពុងកើនឡើងខ្ពស់ ទោះបីជារងសម្ពាធកាន់តែខ្លាំងឡើង ពីសំណាក់ក្រុមនិយ័តករ ក្រោយមានការប្ដឹងផ្ដល់ពីអ្នកប្រើប្រាស់ជុំវិញសុវត្ថិភាពផលិតផល និងការត្រួតពិនិត្យលើការប្រមូលទិន្នន័យរបស់ក្រុមហ៊ុននេះ។
កាលពីខែមុន ក្រុមហ៊ុន Tesla និយាយថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយ និងមជ្ឈមណ្ឌលទិន្នន័យ ដាច់ដោយឡែកមួយនៅក្រុងសៀងហៃ ដើម្បីរក្សាទុកទិន្នន័យនៅតាមមូលដ្ឋានដែលខ្លួនឈរជើង៕ Reuters៕