​ឡាវកែប្រែមុខមាត់ថ្មី ក្រោយត្រូវ UN ចេញសេចក្ដីសម្រេចឱ្យរួចផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត

0

ដោយៈសុខុម

វៀងចន្ទន៍: មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចឱ្យប្រទេសឡាវ រួចផុតពីឋានៈជាក្រុមប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) គួរឱ្យអបអរសាទរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ វិច្ឆិកា។

ប្រទេសឡាវ រួមជាមួយប្រទេសបង់ក្លាដែស និងប្រទេសនេប៉ាល់ នឹងរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលើប្រទេសទាំង៣ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា។

សេចក្តីសម្រេចនេះគូសបញ្ជាក់ថា ការរួចផុតពីឋានៈជាប្រទេស ដែលមានការអភិ​វឌ្ឍន៍តិចតួចបំផុតនេះ នឹងមិនបណ្តាលឱ្យមានការអាក់ខាន ឬការផ្លាស់ប្តូរផែនការអភិវឌ្ឍន៍កម្មវិធី និងគម្រោងនានាសម្រាប់ប្រទេសទាំង៣ឡើយ។

បច្ចុប្បន្នការកំណត់ឱ្យរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុ​ត ដែលសម្រេចដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (UN Committee for Development Policy) គឺផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យចំនួន៣រួមមាន ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GNI) ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់ពីខាងក្រៅ។

ពេលនេះប្រទេសឡាវ នឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាផ្លូវការ នៅឆ្នាំ២០២៦ ដោយសារគណៈកម្មាធិការអង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ឱ្យប្រទេសនេះទទួលយកឋានៈនេះ ក្នុងរយពេល៥ឆ្នាំ ជំនួសឱ្យរយៈ៣ឆ្នាំដែលជាលក្ខខណ្ឌទូទៅ ដោយសារផលប៉ះពាល់ ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩ ទៅលើសេដ្ឋកិច្ចរបសប្រទេសនេះ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here