ដោយ៖ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជា បានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ធ្ងន់ធ្ងរជាងឆ្នាំ២០២០ក្ដី តែកម្ពុជានៅតែបន្តទាក់ទាញបានទុនវិនិយោគជាបន្តបន្ទាប់ពីបរទេស ដោយក្នុងនោះរយៈពេល១ឆមាសដំបូង កម្ពុជាទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ៣៩ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមវិស័យទាំងនោះ វិស័យអាទិភាពចំនួន៧ទទួលបានទុនវិនិយោគច្រើនជាងគេក្នុងពាក់កណ្ដាលឆ្នាំ ២០២១នេះ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ ឱ្យដឹងថា វិស័យចំនួន៧ដែលវិនិយោគិនបរទេសបានដាក់ទុនច្រើនជាងគេក្នុងរយៈពេលកន្លះឆ្នាំដំបូង ក្នុងនោះរួមមាន ទី១.វិស័យ ហិរញ្ញវត្ថុទទួលបានទុនវិនិយោគសរុបប្រមាណ២១,៩ភាគរយ ទី២. វិស័យកម្មន្តសាល ទទួលបានទុនវិនិយោគសរុបប្រមាណ២០,៩ភាគរយ។ ទី៣. វិស័យអចលនទ្រព្យ ទទួលបានទុនវិនិយោគប្រមាណ១២,២ភាគរយ ទី៤. វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ទទួលបានទុនវិនិយោគប្រមាណ១១ភាគរយ
ទី៥. វិស័យកសិកម្ម ទទួលបានទុនវិនិយោគសរុបប្រមាណ១០,៧ភាគរយ ទី៦.វិស័យអគ្គិសនី ទទួលបានទុនវិនិយោគប្រមាណ៦,៣ភាគរយ និង៧. វិស័យសំណង់ ក៏ទទួលបានទុនវិនិយោគប្រមាណ៣,៧ភាគរយផងដែរ ក្នុងវិបត្តិកូវីដ១៩នេះ។
ជាការកត់សម្គាល់បន្ទាប់ពីកម្ពុជាបាន ប្រកាសបើកប្រទេសឡើងវិញ បណ្ដាវិនិយោគិនបរទេសនិងក្នុងស្រុកជាច្រើន បាននិងកំពុងសម្លឹងរកការវិនិយោគ ជាបន្ទាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ វិនិយោគិនបរទេសដែលមានវត្តមានស្រាប់ នៅក្នុងប្រទេសកម្ពុជា ក៏បានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។
លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍ផងដែរថាឆ្នាំ ទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ក្តី តែកម្ពុជា នៅតែទទួលបានការវិនិយោគពីបរទេសនិងក្នុងស្រុក ដែលខុសប្លែកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពស្ងប់ស្ងាត់ ។
លោករំពឹងថា “បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ សកម្មភាព វិនិយោគនៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះហើយសន្ទុះនឹងខ្លាំងជាងមុនស្ថានភាពនៃវិបត្តិកូវីដ១៩ទៅទៀត”៕