ដោយៈ សុធារី
សៀមរាបៈ ហាង Fresh Mart របស់ក្រុមហ៊ុន ស៊ីភី បានចូលរួមជាមួយវិស័យលក់រាយម្ហូបអាហារនៅកម្ពុជា ជាមួយនឹងហាងចំនួន២សាខា គឺនៅខេត្តសៀមរាប និងបាត់ដំបង ដែលផ្តល់នូវជម្រើសមួយផ្សេងទៀត ក្នុងការទិញអាហារគុណភាពខ្ពស់ ថ្មី ស្រស់ ផលិតក្នុងស្រុក និងផលិតផលសម្រេចជាច្រើនទៀត។
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាបុត្រសម្ព័ន្ធក្រុមហ៊ុន CP F ដែលជាក្រុមហ៊ុន កសិ-ឧស្សាហកម្ម ឈាន មុខគេរបស់ប្រទេសថៃ បានបើកដំណើរការហាងលក់រាយនេះឡើង ដើម្បីលើកកម្ពស់គុណភាព និងផ្គត់ផ្គង់ផលិតផល អាហារសម្រេច និងផលិតផលសាច់ស្រស់ប្រកបដោយគុណភាពខ្ពស់ នៅក្នុងតម្លៃសមរម្យ ដែលមានទាំងលក់ រាយនិងលក់បោះដុំ។
ហាង CP Fresh Mart ជាអ្នកផ្គត់ផ្គង់ និងចែកចាយដ៏ធំនៃមុខទំនិញជាច្រើនប្រភេទ មានចាប់ពីសាច់ជ្រូក សាច់-មាន់ ស៊ុត បន្លែ និងផលិតផលសម្រេចជាច្រើនទៀត។
លោកសែត បូរី អនុប្រធានការិយាល័យ អាជីវកម្ម CP Fresh Mart នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំសាខាបានមានប្រសាសន៍ថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមពង្រីកអាជីវកម្ម CP Fresh Mart ឱ្យមានភាពរីកចម្រើន ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងផ្តល់នូវផលិតផលដែលមានស្តង់ដា។
លោកបានមានប្រសាសន៍ថា “បច្ចប្បន្ននេះក្រុមហ៊ុនស៊ីភី បានពង្រីកអាជីវកម្ម CP Fresh Mart ២ សាខារួចមកហើយដោយសាខាទី១ នៅខេត្តសៀមរាប និងសាខាទី២ នៅខេត្តបាត់ដំបង”។
ការពង្រីកហាងលក់រាយនេះ គោលបំណងសំខាន់ៗជាច្រើន ដូច ជាផ្តោតទៅលើការផ្គត់ផ្គង់ និងចែកចាយផលិតផលទាំងអស់របស់ ស៊ីភី ទាំងបោះដុំ និងលក់រាយ ផ្តល់នូវផលិតផលគ្រប់ប្រភេទរបស់ប្រ៊េន CP ដែលមានគុណភាពល្អជូនអតិថិជន ដើម្បីឱ្យស្របទៅនឹងពាក្យស្លោកមួយឃ្លាថា “កាលបើយើងបរិភោគនៅអាហារដ៏ល្អ យើងនឹងទទួលបាននូវគុណភាពជីវិតដ៏ល្អ” និងលើសពីនេះទៅទៀត ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អ ក្នុងការចែកចាយជូនដល់អតិថិជន ដើម្បីទទួលនូវផលិតផលល្អ និងតម្លៃដូចទីផ្សារក្នុងប្រទេសកម្ពុជា។
លោកសែត បុរីបានបន្ថែមថា “យើងទទួល បានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់យើង ហើយក្រុមហ៊ុន ស៊ីភី ខេមបូឌា គ្រោងនឹងពង្រីកហាង Fresh Mart របស់ខ្លួនទៅកាន់ខេត្តផ្សេងទៀតនាពេលអនាគត”៕