ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ចិនបានក្លាយជាប្រទេស ដែលមានវិនិយោគិនដាក់ទុនវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបើគិតចាប់ដំណាច់ខែតុលា២០២១កន្លងទៅ ទុនវិនិយោគរបស់ចិននៅកម្ពុជា បានកើនឡើងដល់ប្រមាណ ២៧ពាន់លានដុល្លារអាមេរិកហើយ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៩ វិច្ឆិកា២០២១នេះ។
ទំហំទុនវិនិយោគនេះ គិតក្នុងចន្លោះឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១នេះ ស្របពេលចិននៅតែមានសុទិដ្ឋិនិយមវិនិយោគនៅកម្ពុជា។
នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៩វិច្ឆិកា២០២១ ដើម្បីផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា លោកសុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រៅពីទុនវិនិយោគនៅកម្ពុជាច្រើនជាងគេហើយនោះ ចិនក៏បានផ្ដល់ជំនួយដល់កម្ពុជាយ៉ាងច្រើនផងដែរ ជាក់ស្ដែងចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ ចិនបានផ្ដល់ជំនួយដល់កម្ពុជា គិតជាទឹកប្រាក់៤.៦៥៥លានដុល្លារអាមេរិក ។
សម្រាប់ច្បាប់វិនិយោគថ្មីនៅកម្ពុជា លោកបានជម្រាបជូនទៅអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រ នយោបាយនិងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់ឬអួលនៃខ្សែច្រវ៉ាក់តម្លៃសាកល ដែលបណ្ដាលមកពីកូវីដ១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមានពីនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់សហ័ស ក៏ដូចជាទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ។
លោកបន្តថា “ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាបន្តបន្ទាប់ និងចុងក្រោយនេះ បានចុះហត្ថលេខាស្ដីពីការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ”។
ជាមួយគ្នានេះ លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន ធ្វើឱ្យកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏សំខាន់ សម្រាប់ចិន ហើយតាមរយៈច្បាប់ស្ដីពីការវិនិយោគថ្មី នឹងធ្វើឱ្យគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន៕