ដោយៈ សុធារី
ភ្នំពេញៈ តើអ្នកធ្លាប់ដឹងដែរឬទេជា យើងអាចទិញខុនដូ ហើយដាក់ជួលដូចសណ្ឋាគារបាន ហើយរង់ចាំតែប្រាក់ចំណេញតែម្តង? អចលនទ្រព្យប្រភេទនេះគេហៅថា ខុនដូថែល។
ពាក្យខុនដូថែលចាត់ទុកថាជាពាក្យថ្មីមួយ សម្រាប់ប្រទេសខ្មែរយើង ប៉ុន្តែពាក្យនេះត្រូវបានប្រើប្រាស់ជាទូទៅ និងយ៉ាងទូលំទូលាយនៅក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេស។ ខុនដូថែលកំពុងមានប្រជាប្រិយភាពនៅក្នុងតំបន់ទេសចរណ៍ធំៗ ជាច្រើននៅលើពិភពលោក ដូចជា សហរដ្ឋអាមេរិក និងឌូបៃ ជាដើម។
-->

បច្ចុប្បន្ននេះ ទីផ្សារខុនដូថែលក៏កំពុងរំកិលខ្លួន ចូលមកកាន់ទីផ្សារកម្ពុជាផងដែរ ជាអាទិ៍ ធ្វើឱ្យអ្នកវិនិយោគក្នុងស្រុកមួយចំនួន ចាប់អារម្មណ៍ក្នុងការទិញចំណែកខុនដូ មកធ្វើជាខុនដូថែលជាជាន់ៗតែម្តង។ ដូច្នេះតើខុនដូថែលជាអ្វី ហើយវាដំណើរការយ៉ាងដូចម្តេច?
ខុនដូថែល Condotel ជាការរួមបញ្ចូលគ្នារវាងពាក្យ២គឺ Condo និង Hotel ដែលមានន័យថា ខុនដូដែលបម្រើសេវាកម្មបែបសណ្ឋាគារ។ វាអាចសំដៅទៅលើអគារខុនដូ ដែលប្រើប្រាស់ចម្រុះ សម្រាប់ជាអគារស្នាក់នៅបែបកម្មសិទ្ធិផង និងសេវាកម្មស្រដៀងទៅនឹងសណ្ឋាគារផង។ ប៉ុន្តែការរៀបចំបែបនេះ គឺធ្វើបែបណាឱ្យភ្ញៀវមានអារម្មណ៍ថា ដូចជាផ្ទះទី២របស់ខ្លួន ដោយពួកគាត់អាចចម្អិនអាហារដោយខ្លួនឯង និងអាចរៀបចំបន្ទប់តាមចំណង់ចំណូលចិត្តរបស់ខ្លួនបាន ហើយក៏អាចទទួលបានសេវាកម្មដូចជាការស្នាក់នៅក្នុងខុនដូទូទៅផងដែរ ដូចជាមានកន្លែងទទួលភ្ញៀវ សេវាសន្តិសុខ២៤ម៉ោង សេវាកម្មសម្អាត អាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន កន្លែងជួបជុំប្រារព្ធពិធីផ្សេងៗ ជាដើម។

ខុនដូថែលត្រូវបានប្រើប្រាស់ជាសេវាកម្ម បែបស្តង់ដារសណ្ឋាគារ ប៉ុន្តែវាខុសពីសណ្ឋាគារទូទៅ ដោយសារគ្រប់បន្ទប់ទាំងអស់ មានម្ចាស់ផ្សេងៗគ្នា។ ពោលគឺមិនមានក្រុមហ៊ុន ឬម្ចាស់ណាមួយដូចសណ្ឋាគារនោះទេ ដែលបន្ទប់នីមួយៗ មានម្ចាស់ផ្សេងគ្នា តែស្ថិតក្រោមការគ្រប់គ្រងសេវាកម្មរបស់ក្រុមហ៊ុនតែមួយ ដែលក្រុមហ៊ុនទាំងនោះអាចជា ក្រុមហ៊ុនអចលនទ្រព្យទូទៅឬ ក្រុមហ៊ុនដែលផ្តល់សេវាកម្មសណ្ឋាគារជាដើម។
ខុនដូថែលត្រូវបានបង្កើតឡើង ក្នុងវិស័យអចលនទ្រព្យសម្រាប់ការស្នាក់នៅ ដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងសេវាកម្មសណ្ឋាគារ តែស្ថិតក្នុងអគារខុនដូ ដែលអាចឱ្យភ្ញៀវស្នាក់នៅក្នុងរយៈពេលយូរបាន ហើយអាចចម្អិនអាហារបានដោយខ្លួនឯង អាចដាក់តាំងរូបថតរបស់ខ្លួនឯងបាន។

ទីផ្សារប្រភេទនេះមានតម្រូវការពីអតិថិជនជា Business Traveling ឬ ជនជាតិបរទេស ដែលមិនសូវមានគ្រួសាររស់នៅជាមួយ ហើយគាត់ក៏អាចជួលបន្ត នៅពេលចាកចេញទៅកាន់ប្រទេសកំណើតរបស់ខ្លួន ក្នុងរយៈពេលវែងណាមួយ ដោយប្រគល់ឱ្យអ្នកគ្រប់គ្រងអគារ ស្វែងរកភ្ញៀវជូនគាត់បាន។ នៅពេលត្រឡប់មកវិញ អាចស្នាក់នៅជាម្ចាស់កម្មសិទ្ធិដូចដើម ដោយគ្រាន់តែជូនដំណឹងជាមុនមកកាន់អ្នកគ្រប់គ្រង។
ខុនដូថែលជាប្រភេទផលិតផលថ្មី ក្នុងវិស័យអចលនទ្រព្យ ខណៈនៅតាមបណ្តាប្រទេសជិតខាងមួយចំនួន ដូចជាប្រទេសថៃ វៀតណាម និងសិង្ហបុរី បានចាប់ផ្ដើមរួចរាល់ហើយ។ ខុនដូថែលដើរតួនាទីយ៉ាងសំខាន់ ជាដំណោះស្រាយ និងជាការបើកឱកាសថ្មីសម្រាប់គម្រោងខុនដូ ដែលកំពុងប្រឈមនឹងបញ្ហា ដូចជា ការផ្គត់ផ្គង់លើសតម្រូវការ ការលក់មិនដាច់ សាងសង់មិនទាន់រួច ឬខ្វះថវិកាសាងសង់បន្តជាដើម។ លើសពីនេះទៅទៀត ខុនដូថែល ក៏អាចជួយទាក់ទាញវិនិយោគិនបរទេស មកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា បានច្រើនជាងមុនផងដែរ។ អត្តប្រយោជន៍ចំបងមួយទៀតនោះគឺ ផ្តល់ប្រាក់ចំណូលអកម្ម ដែលទទួលបានជាទៀងទាត់។

ជារួម អ្នកស្នាក់នៅខុនដូថែល មិនចាំបាច់ខ្វាយខ្វល់ពីការមើលខុសត្រូវដោយខ្លួនឯងនោះទេ ប៉ុន្តែមានចំណូលជាប្រចាំ អាចចូលទៅស្នាក់នៅម្តងម្កាលបានទៀតផង។
តើគួរវិនិយោគលើខុនដូថែលក្នុងទីផ្សារកម្ពុជាទេ?
កម្ពុជាគឺជាទីផ្សារ ដែលមានសក្តានុពលសម្រាប់ខុនដូថែល ព្រោះថា បច្ចុប្បន្ននេះ មានអគារខុនដូថែលជាច្រើន បានកើនឡើងបន្តបន្ទាប់។ ការវិនិយោគលើខុនដូថែល អាចមានឱកាសចំណេញច្រើន ដោយសារទីផ្សារមួយនេះ នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ និងមិនទាន់មានការចាប់អារម្មណ៍ច្រើន។ អ្វីដែលសំខាន់គឺ យើងអាចមានជម្រើសច្រើនក្នុងការទិញបានក្នុងតម្លៃល្អ ឬទាបជាងទីផ្សារ ខណៈដែលម្ចាស់គម្រោងបានផ្តល់នូវលក្ខខណ្ឌងាយស្រួលជាច្រើន ដល់យើងដែលជាអ្នកវិនិយោគ។
អ្នកវិភាគអចលនទ្រព្យមួយចំនួនបានព្យាករថា ខុនដូថែលអាចនឹង ក្លាយជាសក្តានុពលវិនិយោគថ្មីមួយ ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលអនាគត។
យ៉ាងណាមិញ យើងក៏ត្រូវដឹងថា ការទិញយូនីតរបស់ខុនដូ ដែលអាចមានតម្លៃថ្លៃជាងយូនីតធម្មតា យើងក៏ត្រូវបង់ពន្ធលើប្រាក់ចំណូលផងដែរ ហើយចំណូលអាស្រ័យលើទីផ្សារនិង និន្នាការនៃវិស័យទេសចរណ៍ មិនមែនកំណត់ចេញពីទីផ្សារអចលនទ្រព្យនោះទេ។
ចំពោះរបៀបនៃការគ្រប់គ្រង ម្ចាស់ខុនដូនីមួយៗ ត្រូវចុះកិច្ចសន្យាជួលយូនីតរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនគ្រប់គ្រង ដើម្បីបម្រើសេវាកម្មសណ្ឋាគារ ដែលប្រាក់ចំណូលនឹងត្រូវបែងចែកគ្នា ទៅតាមកិច្ចសន្យាដែលព្រមព្រៀង។ ម្ចាស់ខុនដូមានសិទ្ធិក្នុងការស្នាក់នៅយូនីតរបស់ខ្លួន ដោយឥតគិតថ្លៃ ក្នុងកំឡុងពេលណាមួយ ដែលបានព្រមព្រៀងគ្នាផងដែរ៕