ដោយ ៖ វឌ្ឍនៈ
ភ្នំពេញ៖ សក្ដានុពលដីធ្លីនិងអចលនទ្រព្យផ្សេងក្នុងប្រទេសកម្ពុជាបាននិងកំពុងហុចឱកាសដល់បណ្ដាវិនិយោគិនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាកម្ពុជាជួបប្រទះនឹងវិបត្តិជំងឺកូវីដ១៩ក្ដី វិស័យដីធ្លីនិងអចលនទ្រព្យផ្សេងមិនធ្ងន់ធ្ងរខ្លាំងរហូតដល់ដួលរំលំនោះដែរ ហើយនៅតែបន្តទទួលបានការវិនិយោគបន្តបន្ទាប់។ ខាងក្រោមនេះជាដី៥ប្រភេទដែលវិនិយោគិនគួរពិចារណាក្នុងការបណ្ដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញខ្ពស់។

-->
អ្នកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា ដី៥ប្រភេទត្រូវបានរដ្ឋាភិបាលគូសជាគម្រោងប្លង់មេ សម្រាប់វិនិយោគិនក្នុងការដាក់ទុនវិនិយោគ។ ដីប្រភេទទី១ ជាប្រភេទដីសម្រាប់ពាណិជ្ជកម្ម ហើយដីប្រភេទនេះភាគច្រើនគេទុកសម្រាប់សាងសង់ជាអគារពាណិជ្ជកម្ម អគារខុនដូជាដើម។ ដីប្រភេទនេះដែរក៏ត្រូវបានកំណត់ក្នុងការសាងសង់កំពស់អគារ និងមានផ្លូវធំៗសម្រាប់ចរាចរណ៍ផងដែរ ។ ប្រភេទទី២ជាប្រភេទដីសម្រាប់ការរស់នៅ ( Residential Area ) ហើយប្រភេទនេះគេសង្កេតឃើញមានការបុរីធំៗជាច្រើននាំគ្នាទៅសាងសង់នៅតំបន់នោះ បង្កើតបានជាសហគមន៍មនុស្សរស់នៅកុះករ។

លោកស្រីបន្តថា ប្រភេទដីមួយទៀតគឺជាដីដែលគេទុកសម្រាប់សាងសង់ជាឃ្លាំង ។ ដីប្រភេទនេះគឺមានទំហំធំៗ មានផ្លូវសម្រាប់ដឹកជញ្ជូនចេញចូល ។
ដីប្រភេទទី៤គឺដីកសិកម្ម ដីប្រភេទនេះក៏មានសារសំខាន់ណាស់ដែរ ហើយមុននឹងចូលទៅបណ្ដាក់ទុនវិនិយោគលើកសិកម្ម អ្នកវិនិយោគពិតប្រាកដនិងឆ្លាតវៃ ក៏គេមានអ្នកជំនាញផ្នែកកសិកកម្មត្រួតពិនិត្យដីជាមុនសិន ថាតើដីនោះមានសក្ដានុពលលើដំណាំប្រភេទអ្វី។

ដីប្រភេទចុងក្រោយគឺដីទេសចរណ៍ ដែលជាដីប្រភេទនេះគេមើលទៅលើសក្ដានុពលនៃការសាងសង់ជារីសត ជាសណ្ឋាគារបាន ដូចជាដីនៅខេត្តកំពត ខេត្តកែប និងដែនដីកោះមួយចំនួនទៀតនៅខេត្តព្រះសីហនុ។

តម្រូវការប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាក៏បានជំរុញឱ្យតម្លៃដីធ្លី កាន់តែមានសន្ទុះមួយកម្រិតទៀតដែរ ជាពិសេសនៅតំបន់ណាដែលមានគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនឯកជន តែងតែជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះ កើនឡើងបន្ថែមទៀត គ្រាន់តែកំណើននៃតម្លៃដីធ្លីទាំងនោះ មានភាពខុសៗគ្នា៕