ចិន រំពឹងទទួលបានអ្នកដំណើរជាង១លាននាក់ធ្វើដំណើរតាមផ្លូវដែកឡាវ-ចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0

ដោយសុខុម

វៀងចន្ទន៍: ប្រទេសចិន រំពឹងថានឹងទទួលបានអ្នកដំណើរជាង១លាននាក់ធ្វើដំណើរតាមផ្លូវដែកឡាវ-ចិន អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទោះបីជាមានការរឹតបន្តឹងការធ្វើដំណើរយ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ធ្នូ។

ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ដែលលើកឡើងថា អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវដែកតភ្ជាប់ប្រទេសឡាវ និងប្រទេសចិន នឹងកើនឡើងខ្លាំង។

រយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ ដើមឆ្នាំ២០២២ ដែលជារដូវកាលធ្វើដំណើរច្រើនបំផុតសម្រាប់ប្រជាជនចិន ដោយមានអ្នកធ្វើដំណើរជនជាតិចិន រាប់ពាន់លាននាក់ក្នុងមួយឆ្នាំៗ។

ហើយដើម្បីបំពេញតម្រូវការដ៏ច្រើនលើសលប់នេះ ប្រទេសចិន ដំណើរការសេវារថយន្តក្រុង និងផ្លូវដែកបន្ថែមបណ្តោះអាសន្នយ៉ាងច្រើនអំឡុងពេលនេះ ព្រោះវាជាពេលដែលមនុស្សធ្វើដំណើរប្រចាំឆ្នាំច្រើនបំផុតក្នុងពិភពលោក។

នៅម្ខាងនៃព្រំដែន ឡាវ បានប្រកាសថា ខ្លួននឹងបើកប្រទេសឡើងវិញដើម្បីទទួលស្វាគមន៍ទេសចរនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយតាមការរំពឹងទុកថា ព្រំដែនភាគខាងជើងរបស់ខ្លួនដែលជាប់នឹងប្រទេសចិន នឹងបើកឡើងវិញ។

ប៉ុន្តែអ្នកធ្វើដំណើរប្រហែលជានៅតែប្រឈមមុខនឹងការតម្រូវឱ្យធ្វើចត្តាឡីស័កនៅទាំងសងខាង នៃព្រំដែនប្រទេសទាំង២ ព្រមទាំងការរឹតបន្តឹងលើការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ពលរដ្ឋចិន ផងដែរ។

ផ្លូវដែកឡាវ-ចិន នេះរត់ពីរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ឆ្ពោះទៅព្រំដែនជាប់ប្រទេសចិន ស្ថិតក្នុងភូមិសាស្ត្រទីក្រុងមាសបូតេន (Boten) របស់ឡាវ ហើយបន្តរត់កាត់តាមខេត្តយូណាន ប្រទេសចិន។ នៅចុងខាងជើងនៃផ្លូវដែកឡាវ-ចិន នេះត្រូវបានតភ្ជាប់ទៅប្រព័ន្ធផ្លូវដែកចិន នៅម៉ូហាន (Mohan) រត់កាត់ផ្លូវដែក Yuxi-Mohan Railway។

ខណៈបច្ចុប្បន្នមិនមានការអនុញ្ញាតឱ្យអ្នកដំណើរធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងចិន និងឡាវ ទីក្រុងគុនមីង របស់ចិន បានរាយការណ៍ថា សំបុត្ររថភ្លើងបានហក់ឡើងថ្លៃខ្ពស់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ឱ្យដឹងថា ចាប់តាំងពីផ្លូវដែកឡាវ-ចិន នេះបើកដំណើរការនៅថ្ងៃទី៣ ខែធ្នូ មក អ្នកដំណើរជាង៣០០.០០០នាក់បានធ្វើដំណើរលើផ្លូវដែកនេះខាងទឹកដីរបស់ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here