ដោយ៖ សុធារី
ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីកំពូលម្នាក់នៅកម្ពុជា បានផ្តល់អនុសាសន៍ចំនួន ១៣ ចំណុច សម្រាប់យុវវ័យដែលមានអាយុ ២០ ឆ្នាំសម្រាប់តម្រង់ទិសនៅក្នុងជីវិតរបស់ខ្លួន។ ការផ្តល់គំនិតណែនាំដែលជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកនេះ បានធ្វើឡើងដើម្បីឆ្លើយទៅនឹងសំណូររបស់យុវជនដែលបានសួរទៅអ្នកឧកញ៉ា។

លោកបានលើកឡើងថា “ការឈានដល់វ័យ យុវជន ដំបូងអាចជាពេលវេលាដ៏ស្មុគស្មាញ ដោយសារអ្នកត្រូវមានពេលវេលា និងមានការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើសម្រាប់អនាគត ។ ក្មួយៗខ្លះប្រហែលជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញនូវគំនិត និងថាមពលដែលក្មួយមាន ចំណែកក្មួយៗខ្លះទៀតប្រហែលជាមានអារម្មណ៍ច្របូកច្របល់ វង្វេង ហើយនៅតែស្វែងរកនូវអ្វីដែលចង់បាននាពេលអនាគតរបស់ខ្លួន”។
-->

គន្លឹះទាំង ១៣ ដែលសេដ្ឋីកំពូលនៅកម្ពុជាចែករំលែកដល់យុវជន មាន ៖
១. សូមស្វែងរកអ្នកណែនាំ និងតម្រង់ផ្លូវជាមួយនឹងគោលដៅដែលអ្នកចង់បាន
២. សូមព្យាយាមរៀនភាសាឱ្យបានច្រើន កាន់តែច្រើន កាន់តែប្រសើរ
៣. សូមផ្តោតអារម្មណ៍ ១០០% លើអ្វីដែលអ្នកកំពុងធ្វើ
៤. ត្រូវហ៊ានប្រឈមនឹងហានិភ័យ ហើយដាក់ចិត្តធ្វើកិច្ចការនោះដោយមិនរួញរា
៥. រក្សាផ្នត់គំនិតមិនចុះចាញ់របស់អ្នកក្នុងការធ្វើកិច្ចការតូចធំទាំងឡាយ នៅពេលដែលអ្នកមានអារម្មណ៍ថា ចង់បោះបង់ ។ សូមចងចាំនូវ «មូលហេតុដំបូងបំផុត» ដែលអ្នកសម្រេចចិត្តធ្វើកិច្ចការទាំងនោះឡើងមក។

៦. សូមរៀនធ្វើការសម្រេចចិត្តខ្លះៗ ហើយសាកល្បងវិនិយោគបន្តិចម្តងៗលើប្រាក់ចំណូលអកម្មផ្សេងៗ
៧. សូមប្រាប់ខ្លួនឯងនូវហេតុផលដែលអ្នកអាចធ្វើបានឱ្យបានច្រើនជាងមូលហេតុដែលអ្នកធ្វើមិនបាន
៨. សូមចងចាំថា អ្នកអាចធ្វើឱ្យមានវឌ្ឍនភាពជាច្រើនជាមួយនឹងក្តីសុបិន និងមហិច្ឆតាធំរបស់អ្នក
៩. សូមជឿជាក់លើសភាវគតិរបស់អ្នក ហើយធ្វើតាមបេះដូងរបស់អ្នក
១០. សូមស្រឡាញ់ខ្លួនឯង និងធ្វើជាអ្នកលើកទឹកចិត្តឱ្យខ្លួនឯងជានិច្ច
១១. ព្យាយាមរាប់នូវចំណុចល្អៗដែលអ្នកមាន ជំនួសឱ្យកំហុសរបស់អ្នក
១២. ធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យបានគ្រប់គ្រាន់លើផ្នែកឌីជីថល និងគ្រប់គ្រងហិរញ្ញវត្ថុ
១៣. ចំណុចដែលសំខាន់បំផុតនោះគឺ សូមចំណាយពេលឱ្យបានច្រើនតាមតែអ្នកអាចធ្វើបាន សម្រាប់មនុស្សដែលសំខាន់សម្រាប់អ្នកបំផុត ។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា “ខ្ញុំប្រាកដថា បញ្ហាប្រឈមរបស់អ្នកទាំងអស់គ្នាពិតជាអាចកើតឡើង ប៉ុន្តែខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្តល់ឱ្យអ្នកទាំងអស់គ្នានូវត្រីវិស័យតម្រង់ទិសមួយចំនួន ជាមួយនឹងគន្លឹះទាំង ១៣ នេះដែលខ្ញុំបានឆ្លងកាត់ផ្ទាល់ ជាពិសេសចែករំលែកទៅដល់យុវជនជំនាន់ក្រោយរបស់យើង”៕