World Bank: ឡាវនឹងទទួលបានកំនើនសេដ្ឋកិច្ចរង្វង់៤,៥ភាគរយក្នុងឆ្នាំនេះ

0

ដោយៈសុខុម

វៀងចន្ទន៍: ធនាគារពិភពលោក (World Bank) បានធ្វើការព្យាករថា ប្រទេសឡាវ នឹងទទួលបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៤,៥%នៅឆ្នាំ២០២២នេះ និង៤,៨%នៅឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មករា។

យោងតាមរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (Global Economic Prospects) ចុងក្រោយបង្អស់របស់ធនាគារ ពិភពលោកបង្ហាញថា សេដ្ឋកិច្ចពិភពលោក កំពុងឈានចូលដល់ដំណាក់កាល បង្អង់ល្បឿនគួរឱ្យកត់សម្គាល់។

ការបង្អង់ល្បឿននេះកើតមានឡើង ស្របពេលពិភពលោកកំពុងប្រឈ​មមុខ នឹងការគំរាមកំហែងជាថ្មី ពីការរីករាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី និងការកើនឡើងនូវអតិផរណា បំណុល និងវិសមភាពប្រាក់ចំណូល ដែលអាចជះផលប៉ះពាល់ខ្លាំង ដល់ការស្ទុះងើបឡើងវិញ ក្នុងបណ្ដាសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងបណ្ដាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។

កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងធ្លាក់ចុះគួរឱ្យកត់សម្គា​ល់ពី៥,៥%ក្នុងឆ្នាំ២០២១ មកនៅត្រឹម៤,១%ក្នុងឆ្នាំ២០២២ និងធ្លាក់មកនៅត្រឹម៣,២%ក្នុងឆ្នាំ២០២៣ នៅពេលតម្រូវការធ្លាក់ចុះ ហើយការគាំទ្រផ្នែកសារពើពន្ធ និងរូបិយវត្ថុគ្មានភាពធូរស្រាល នៅទូទាំងពិភពលោក។

លោក David Malpass ប្រធានធនាគារពិភពលោកបានលើកឡើងថា “សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខវីរុសកូវីដ-១៩ អតិផរណា និងភាពមិនប្រាកដប្រជា នៃគោលនយោបាយ ក្នុងពេលដំណាលគ្នា ដោយការចំណាយ និងគោលនយោបាយរូបិយវត្ថុ របស់រដ្ឋាភិបាលនានាកំពុងស្ថិតក្នុងស្ថានភាពដែលមិនធ្លាប់ជួបប្រទះ”។

លោកបន្ថែមទៀតថា “ការធ្វើឱ្យប្រទេសកាន់តែច្រើន ស្ថិតលើមាគ៌ាទទួលបានកំណើនគួរជាទីពេញចិត្ត គឺទាមទារឱ្យមានចំណាត់ការរួមជាអន្តរជាតិ និងការឆ្លើយតបទៅនឹងគោលនយោបាយជាតិ ដែលមានលក្ខណៈទូលំទូលាយ”៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here