ដោយ៖ សុផារី
សៀមរាប ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែមានដំណើរការយ៉ាងរលូនទៅមុខបើទោះបីស្ថិតក្នុងអំឡុងពេលមានវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ខណៈក្រុមហ៊ុនសាងសងរំពឹងថានឹងសម្រេចបានប្រមាណ៧០ភាគរយគិតត្រឹមដំណាច់ឆ្នាំ២០២២ខាងមុខនេះ។
នេះបើតាមការលើកឡើងរបស់លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។
លោកបានមានប្រសាសន៍ថា “ឆ្នាំ២០២១ បើទោះបីជាមានបញ្ហាប្រឈមខ្លាំងជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ក៏គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅតែមានដំណើរការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ និងគ្រោងសម្រេចឱ្យបាន៧០% នៅដំណាច់ឆ្នាំ២០២២នេះ ដើម្បីឈានទៅបញ្ចប់គម្រោងទាំងស្រុងតាមផែនការដែលបានគ្រោងទុក នៅឆ្នាំ២០២៣”។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះមានទីតាំងនៅក្នុងឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអនុវត្តដោយក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦៕