ដោយៈសុខុម
ហ្សឺណែវៈ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃពុធ ទី២៦ បានសម្រេចឱ្យប្រទេសចិនឈ្នះជាថ្មី ដោយអនុញ្ញាតឱ្យមហាយក្សអាស៊ី មួយនេះយកពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិក ដែលមានទំហំ៦៤៥លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងក្ដីក្ដាំពន្ធដ៏រ៉ាំរ៉ៃជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាមេរិក ដែលមិនអាចប្តឹងជំទាស់នឹងការសម្រេចចិត្តនេះបាន មិនសប្បាយចិត្តយ៉ាងខ្លាំង ហើយបានស្រែកឡាំប៉ាកើតទុក្ខមិនសុខចិត្ត ដោយចាត់ទុកសេចក្ដីសម្រេចនេះថា “គួរឱ្យខកចិត្តបំផុត”។
សហរដ្ឋអាមេរិក ថែមទាំងនិយាយទៀតថា ខ្លួននឹងជំរុញឱ្យធ្វើវិសោធនកម្ម លើវិធាននានារបស់អង្គការWTOទៀតផង ហើយបានចោទប្រកាន់ធ្ងន់ៗថា អង្គការWTOត្រូវបានគេប្រើប្រាស់ដើម្បី “ធ្វើជាខែលការពារ” ប្រទេសចិន។
មជ្ឈត្តករ (អាជ្ញាកណ្តាល) មួយរូបនៅអង្គការ WTO បានសម្រេចថា “ដោយផ្អែកលើទឡ្ហីករណ៍ និងភ័ស្តុតាងរបស់គូភាគី យើងបានកំណត់ថា កម្រិតពន្ធ ដែលត្រង់បង់ក្នុងមួយឆ្នាំៗ ចំនួន៦៤៥,១២លានដុល្លារ គឺជាចំនួនសមស្រប”។
តួលេខពន្ធដែលសហរដ្ឋអាមេរិក ត្រូវបង់ឱ្យទៅប្រទេសចិន នេះត្រូវបានលាតត្រដាងក្នុងសេចក្តីសម្រេចកម្រាស់៨៧ទំព័រ ដែលសម្រេចដោយមជ្ឈត្តករមួយរូបរបស់អង្គការWTOស្តីពី កម្រិតនៃវិធានការតបតដែលរដ្ឋាភិបាលក្រុងប៉េកាំង អាចស្នើសុំបាននៅក្នុងជម្លោះរបស់ខ្លួន ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការយកពន្ធសងសឹក របស់សហរដ្ឋអាមេរិក ដាក់លើផលិតផលមួយចំនួនរបស់ប្រទេសចិន។
ជម្លោះពន្ធនេះ បានអូសបន្លាយតាំងពីឆ្នាំ២០១២ មកម៉្លេះដែលពេលនោះអង្គការWTO បានបង្កើតក្រុមអ្នកជំនាញ ដើម្បីព្យាយាមដោះស្រាយពាក្យបណ្តឹង ដែលដាក់ប្តឹងដោយប្រទេសចិន ដោយប្រទេសចិនបានអះអាងក្នុងពាក្យបណ្ដឹងនោះថា សហរដ្ឋអាមេរិក បានកំណត់យកពន្ធលើទំនិញនាំចូលរបស់ខ្លួនដោយមិនត្រឹមត្រូវ៕ Bangkok Post៕