រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគធំចំនួន៤ ក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លាអាមេរិក នៅក្នុងខែមករានៃឆ្នាំ២០២២

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិនិយោគិននិងធុរជនរំពឹងថា ឆ្នាំ២០២២ជាឆ្នាំល្អសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា។ ជាក់ស្ដែងនៅខែទី១នៃឆ្នាំ២០២២ មានគម្រោងវិនិយោគជាច្រើនត្រូវបានអនុម័តនិងចុះបញ្ជីចេញវិញ្ញាបនបត្រឱ្យវិនិយោគជាផ្លូវការនៅកម្ពុជា ក្នុងនោះ មានគម្រោងវិនិយោគធំៗចំនួន៤ត្រូវបានចុះបញ្ជីក្នុងខែមករា ឆ្នាំ២០២២នេះ។

តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយក្នុងខែមករា ឆ្នាំ២០២២កន្លងទៅ គម្រោងធំៗចំនួន៤ដែលទទួលបានវិញ្ញាបនបត្រ រួមមាន គម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទីតាំងនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគសរុបចំនួន១២៩លានដុល្លារអាមេរិក។ គម្រោងធំទី២ គឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន២៩៧លានដុល្លារអាមេរិក។ គម្រោងទី៣ គឺគម្រោងវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ៣៨៩លានដុល្លារអាមេរិក ។

ដោយឡែក សម្រាប់គម្រោងធំជាងគេដែលត្រូវបានអនុម័តនិងចុះបញ្ជីវិនិយោគជាផ្លូវការនោះគឺគម្រោងវិនិយោគកំពង់ផែទេសចរណ៍អន្តរជាតិ និងកំពង់ផែពហុបំណងនៅក្នុងខេត្តកំពត ដែលមានទុនវិនិយោគរហូតទៅដល់១៣០០លានដុល្លារអាមេរិក ដែលបង្កើតការងារបានរហូតដល់៥៩០នាក់។

តាមរយៈការអនុម័តគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមករាឆ្នាំ២០២២នេះបានសបញ្ជាក់ឱ្យឃើញថាវិនិយោគិនក្នុងនិងក្រៅប្រទេសចាប់ផ្ដើមធ្វើសកម្មភាពវិនិយោគឡើងវិញក្នុងប្រទេសកម្ពុជា ក្រោយពេលអន់ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ក្រោយពេលរដ្ឋាភិបាលបានប្រកាសពីការបើកប្រទេសឡើងវិញ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពង់ចាមបានឱ្យដឹងថា ឆ្នាំ២០២២នេះ សកម្មភាពនៃការវិនិយោគ នៅក្នុងខេត្តកំពង់ចាមចាប់ផ្ដើមកម្រើកឡើងវិញបន្តិចហើយ ជាពិសេសសកម្មភាពវិនិយោគពីអ្នកនៅក្នុងតំបន់ស្រាប់ ដោយពួកគេបានស្វែងរកទីតាំងសម្រាប់ជួលធ្វើអាជីវកម្ម ស្វែងរកដីត្រៀមក្នុងការអភិវឌ្ឍជាដើម។

លោកស្រីបន្តថា ដូចបានឃើញស្រាប់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រជាបន្តបន្ទាប់ជូនក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនៅក្រោយពិធីបុណ្យចូលឆ្នាំចិននេះ ការវិនិយោគទៅលើអចលនទ្រព្យក៏រំពឹងថនឹងទទួលបានកំណើនកាន់តែខ្លាំងដោយរំពឹងពីការហូរចូលនៃជនជាតិចិនមកកាន់កម្ពុជាឡើងវិញ។
យ៉ាងណាក្ដីអ្នកជំនាញនៃវិស័យអចលនទ្រព្យក្នុងក្រុមហ៊ុនអន្តរជាតិមួយប្រចាំកម្ពុជា កញ្ញា គឹម គិនកេសា ថាការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះនៅតែរំពឹងលើវិនិយោគិនក្នុងស្រុកដដែល ខណៈវិនិយោគិនបរទេសនៅតែរារែកក្នុងការចូលមកកម្ពុជា ថ្វីត្បិតតែកម្ពុជាបានបន្ធូបន្ថយលក្ខខណ្ឌក្ដី ។ ការរារែកចូលមកកម្ពុជាដោយសារតែប្រទេសមួយចំនួនបន្តរឹតបន្តឹងវិធានការចេញចូលប្រទេសរបស់គេ ដូច្នេះនៅពេលពលរដ្ឋចាកចេញពីប្រទេសហើយត្រូវចូលទៅវិញនឹងតម្រូវធ្វើចត្តាឡីស័កក្នុងរយៈពេលណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here