អភិបាលខេត្តបន្ទាយមានជ័យជំរុញឱ្យវិនិយោគិនជប៉ុនបណ្ដាក់ទុនក្នុងខេត្តរបស់ខ្លួនបន្ថែម

0

ដោយ៖ វឌ្ឍនៈ

បន្ទាយមានជ័យ៖ ក្នុងជំនួបជាមួយនឹងសមាគមជប៉ុន-កម្ពុជា ( JCA ) នៅថ្ងៃទី១ ខែកុម្ភៈ ២០២២នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើនិងជំរុញឱ្យវិនិយោគិនជប៉ុន មកសិក្សាពីសក្ដានុពលនិងបណ្ដាក់ទុនវិនិយោគនៅខេត្តបន្ទាយមានជ័យបន្ថែមទៀតខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុនមួយចំនួនហើយកំពុងបណ្ដាក់និងវិនិយោគនៅក្នុងខេត្តនេះ។

លោកបានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៣៥៩ គម ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង ១៥៣ គម។ ខេត្តមានផ្ទៃដីសរុប ៦ ៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា០២ ក្រុង ០៧ស្រុក ៥៥ ឃុំ១០សង្កាត់ និង៦៥៨ ភូមិ មានប្រជាជនពលរដ្ឋ ប្រមាណ ៧៩មឺននាក់ ក្នុងនោះមាន ៨៥%ប្រកបមុខរបរធ្វើស្រែចំការ និង១៥%ជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។

លោកបន្តទៀតថា ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន០៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រគួន និងច្រកព្រំដែនម៉ាឡៃ ខេត្តក៍មានតំបន់សេដ្ឋកិច្ចពិសេស០៥កន្លែង នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម០១ កន្លែងនៅក្រុងសិរីសោភ័ណ។ ដោយឡែកនៅក្រុងប៉ោយប៉ែតមានក្រុមហ៊ុនជប៉ុនចំនួន ០៦កន្លែងកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង ០១ក្រុមហ៊ុនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី (ផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក)។

លោកបន្ថែមថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានត្រៀមជានិច្ចគាំទ្រនូវគំនិតផ្តួចផ្តើម និងសហការីជាមួយសមាគនជប៉ុន-កម្ពុជា(JCA) នូវគ្រប់សកម្មភាពទាំងឡាយណាដែលនាំមកនូវការរីកចម្រើនដល់ខេត្ត ពិសេសសូមសំណូមពរដល់លោកនាយកសមាគមជប៉ុន កម្ពុជា មេត្តាជួយផ្សព្វផ្សាយក៍ដូចជាជម្រុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន ឱ្យមកវិនិយោគទុន និងដើរកម្សាន្តនៅលើទឹកដីខេត្តបន្ទាយមានជ័យ។
លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) បានឱ្យដឹងថា សមាគនជប៉ុនគ្រោងនឹងដឹកនាំវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នឹងមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ លើសក្តានុពលដែលប្រទេសកម្ពុជា និងខេត្តបន្ទាយមានជ័យកំពុងមានដូចជាលើវិស័យ កសិកម្ម ស្រូវដំឡូងមី និងវិស័យឧស្សាហកម្ម ទេសចរជាដើម។

លោកបន្ថែមថា គោលបំណងដំណើរទស្សនកិច្ចលើទឹកដីខេត្តបន្ទាយមានជ័យឱកាសនេះជា ការសិក្សាស្វែងយល់បន្ថែមពីសក្តានុពលខេត្ត ប្រមូលព័ត៌មានថ្មីៗបន្ថែម និងពិនិត្យមើល លទ្ធផល បញ្ហាប្រឈមផ្សេងៗ ដំណើរការរបស់ក្រុមហ៊ុន រោងចក្ររបស់ជប៉ុនដែលបានកំពុងដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកថា ”អ្វីដែលជាសំណូមពររបស់ អភិបាលខេត្ត យើងនឹងខិតខំជួយជម្រុញ ផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ជូនទៅកាន់បណ្តាវិនិយោគទុន ក្រុមហ៊ុនជាជប៉ុនទាំងដែលមានសកម្មភាពវិនិយោគនៅកម្ពុជា និងវិនិយោគបរទេសក្រោយពីមានការធូរស្រាលនៃវិបត្តិកូវីដ១៩នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here