ដោយ៖ សុធារី
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។
ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។
បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណង់ណាដែលផ្នែកណាមួយនៃសំណង់ ឬសម្ភារសំណង់ ឬបរិក្ខារដែលបំពាក់លើសំណង់ អាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន។
ប្រកាសថ្មីនេះ ក៏បានកម្រិតសភាពគ្រោះថ្នាក់របស់សំណង់ជា ២ គឺ ប្រភេទគ្រោះថ្នាក់អាចកើតឡើងភ្លាមៗ និងប្រភេទគ្រោះថ្នាក់មិនអាចកើតឡើងភ្លាមៗ។ ដោយឡែក ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំង ២ ប្រភេទនេះ ប្រកាសនេះក៏បានដាក់ចេញវិធានការមួយចំនួនដូចជា ការជម្លៀសមនុស្ស ការហ៊ុមព័ន្ធសំណង់ ការរុះរើ ការកែប្រែ ការជួសជុលផ្នែកណាមួយនៃសំណង់ និងការបិទផ្សាយជាសាធារណៈអំពីការអនុវត្តវិធានការបញ្ចៀសគ្រោះថ្នាក់ជាដើម។
បន្ថែមពីនេះ ប្រកាសក៏បានផ្តល់សិទ្ធិអំណាចដល់មន្ត្រីមានសមត្ថកិច្ចចាប់ពីថ្នាក់ក្រសួង ដល់រាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ចុះត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានសភាពគ្រោះថ្នាក់។ មន្ត្រីទាំងនេះ មានសិទ្ធិធ្វើរបាយការណ៍អំពីការចុះត្រួតពិនិត្យសំណង់ ជូនប្រធានស្ថាប័នមានសមត្ថកិច្ច ក្រោយទទួលបានបណ្តឹង ឬព័ត៌មានអំពីសំណង់មានសភាពគ្រោះថ្នាក់។
មន្ត្រីខាងលើក៏ត្រូវបង្កើតបញ្ជីសំណង់ដែលមានសភាពគ្រោះថ្នាក់ ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន និងពង្រឹងការអនុវត្តច្បាប់ផងដែរ៕