ដោយៈ សូរិយា
ហុងកុងៈ ក្រុមហ៊ុនធំ និងចំណាស់មួយមានមូលដ្ឋាននៅទីក្រុងហុងកុង បានបង្ហាញចំណាប់អារម្មណ៍ លើសក្តានុពលក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងនៅពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Elton Chan នាយកក្រុមហ៊ុនJardine Matheson។
ក្នុងជំនួបនេះភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់យ៉ាងផុលផុសអំពីសក្ដានុពលរបស់ប្រទេសកម្ពុជា ពិសេសលោក Elton Chan បានមើលឃើញអំពីចំណុច ប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួន គឺការប្រើប្រាស់រូបិយប័ណ្ណដុល្លារ និងការបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ។
លោកនាយកក្រុមហ៊ុន ក៏បានជម្រាបជូនផងដែរថា ក្រោយដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកបានសម្លឹងមើលឃើញសក្ដានុពល លើវិស័យអចលនទ្រព្យរបស់កម្ពុជា។ បន្ថែមលើព័ត៌មានដែលលោកធ្លាប់ទទួលបាន លោក Elton Chan ក៏បានសាកសួរបន្ថែមអំពីបច្ចុប្បន្នភាពគោលនយោបាយ និងការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន រីឯគោលនយោបាយលើវិស័យនេះ គឺជាចំណុចអាទិភាពដែលរាជរដ្ឋាភិបាលកំពុងរៀបចំ ដើម្បីជំរុញលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យលោកElton Chan បន្តភ្ជាប់ទំនាក់ទំនងជិតស្និត រវាងក្រុមហ៊ុនជាមួយស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចជួយសម្របសម្រួល ចំពោះកិច្ចស្នើសុំវិនិយោគនានា ដែលក្រុមហ៊ុនមានបំណងបណ្ដាក់ទុននាពេលអនាគត។
ក្រុមហ៊ុន Jardine Matheson មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុងត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៨៣២ ដោយ William Jardine និង James Matheson។
ក្រុមហ៊ុនបានពង្រីកខ្លួន ទៅក្នុងវិស័យផ្សេងៗ រួមមាន ការដឹកជញ្ជូន ពាណិជ្ជកម្ម អចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ច វិស្វកម្ម និងហិរញ្ញវត្ថុ ដោយបានក្លាយជាសាជីវកម្ម ពហុជាតិចំណាស់ជាងគេ និងលេចធ្លោមួយក្នុងមូលដ្ឋានក្រុងហុងកុង៕