ដោយសុខុម
ភ្នំពេញ: ការសិក្សាបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈ ថា ប្រទេសជប៉ុន នឹងត្រូវការចំនួនពលករបរទេសច្រើនជាង៤ដង បើធៀបនឹងចំនួនពលករបរទេសបច្ចុប្បន្ននៅត្រឹមឆ្នាំ២០៤០ ដើម្បីសម្រេចបានតាមមាគ៌ាកំណើនដែលរដ្ឋាភិបាលបានគូសបង្ហាញនៅក្នុងការព្យាករសេដ្ឋកិច្ចរបស់ខ្លួន។
លទ្ធផលនៃការសិក្សាដែលធ្វើឡើងដោយក្រុមស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន នេះឆ្លុះបញ្ចាំងពីការពឹងផ្អែករបស់ប្រទេសជប៉ុន លើពលករបរទេសកាន់តែខ្លាំងឡើងដោយសារចំនួនប្រជាជនជប៉ុន កាន់តែធ្លាក់ចុះ។ នេះបើយោតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣ កុម្ភៈ។
ក្រុមស្រាវជ្រាវដែលរួមមានទាំងអ្នកជំនាញមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) ដែលមានទំនាក់ទំនងជាមួយក្រសួងការបរទេសផងដែរនេះ បានលើកឡើងតាមរយៈរបាយការណ៍មួយថា ប្រទេសជប៉ុន ត្រូវតែបង្កើនចំនួនពលករបរទេសឱ្យឈានដល់៦,៧៤លាននាក់នៅត្រឹមឆ្នាំ២០៤០ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម១,២៤%ដោយផ្អែកលើសេនារីយ៉ូ “កំណើនខ្ពស់” ដែលរដ្ឋាភិបាលបានកំណត់នៅក្នុងការព្យាកររយៈពេលវែងរបស់ខ្លួន។
តួលេខនេះនឹងកើនឡើងជិត៣០០% បើធៀបនឹងចំនួនពលករបរទេសចំនួន១,៧២លាននាក់នាពេលបច្ចុប្បន្នដែលស្មើនឹងប្រមាណ២,៥%នៃកម្លាំងពលកម្មសរុប។
ការសិក្សានេះបានព្យាករថា ប្រទេសជប៉ុន នឹងបាត់បង់កម្លាំងពលកម្មក្នុងស្រុកជាង១០%ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ។
ចំនួនប្រជាជនជប៉ុន បានកើនឡើងដល់កម្រិតកំពូលក្នុងឆ្នាំ២០០៨ ហើយបានធ្លាក់ចុះចាប់តាំងពីពេលនោះមក ដោយសារអត្រាផ្ដល់កំណើតទារកបានធ្លាក់ចុះខ្លាំងមកនៅត្រឹមប្រមាណ១២៥លាននាក់គិតមកទល់នឹងឆ្នាំ២០២១។ ហើយចំនួនប្រជាជនដែលពេញកម្លាំងធ្វើការកំពុងតែធ្លាក់ចុះកាន់តែឆាប់រហ័សដោយសារវ័យចាស់។
ប្រមាណពាក់កណ្តាលនៃពលករបរទេសក្នុងប្រទេសជប៉ុន ទៅពីប្រទេសវៀតណាម និងប្រទេសចិន។ ក្រុមស្រាវជ្រាវនេះនិយាយថា ចំនួនពលករបរទេសដែលទៅពីប្រទេសនានារួមមានទាំងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ជាដើមនឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ៕ Reuters៕