បុរសខ្លាំងពូទីនទទួលបានកិច្ចព្រមព្រៀងតម្លៃជាង១០០ពាន់លានដុល្លារ ជាមួយមហាយក្សចិន

0

ដោយៈសុខុម

អន្តរជាតិ: ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានលាតត្រដាងនូវកិច្ចព្រមព្រៀងប្រេង និងឧស្ម័នថ្មីៗរបស់ប្រទេសរុស្ស៊ី ជាមួយមហាយក្សចិន ដែលមានតម្លៃរហូតដល់ ទៅប្រមាណ១១៧.៥ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រ ទី៤ កុម្ភៈ។

លោកពូទីន ដែលពិភពលោកស្គាល់ច្បាស់ថា “ជាបុរសខ្លាំង” បានសន្យាថា នឹងបង្កើនការនាំចេញរបស់ប្រទេសរុស្ស៊ី ស្របពេលមានភាពតាន​តឹងកាន់តែខ្លាំងជាមួយអតិថិជនអឺរ៉ុប ជុំវិញវិបត្តិនៅប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ី ដែលបានក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នធំបំផុត លំដាប់លេខ៣របស់រដ្ឋាភិបាលក្រុងប៉េកាំង រួចទៅហើយនោះ បាននិងកំពុងពង្រឹងទំនាក់ទំនង កាន់តែស្អិតរមួតជាមួយប្រទេសចិន ដែលជាអ្នកប្រើប្រាស់ថាមពលដ៏ធំបំផុតរបស់ពិភពលោក ដើម្បីកាត់បន្ថយការពឹងផ្អែកលើអឺរ៉ុប ដែលជាអតិថិជនថាមពលតាំងពីអើយរបស់ខ្លួន។

ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ លោកពូទីន បានលើកឡើងថា “បណ្ដាក្រុមហ៊ុនប្រេងរបស់យើង បានត្រៀមដំណោះស្រាយថ្មីៗយ៉ាងល្អលើការផ្គត់ផ្គង់អ៊ីដ្រូកាបូន (Hydrocarbon) ដល់សាធារណរដ្ឋប្រជាមានិតចិន”។

លោកបានបន្ថែមទៀតថា “យើងបានឈានមួយជំហានទៅមុខហើយក្នុងឧស្សាហកម្មឧស្ម័ន”។
នេះជាអ្វីដែលលោកសំដៅដល់កិច្ចសន្យាថ្មីមួយ នៅក្នុងការផ្គត់ផ្គង់ឧស្ម័ន១០ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំដល់ប្រទេសចិន ពីតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី។

លោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង ប្រទេសចិនដើ​ម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា (Winter Olympics)។

យោងទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា គ្រាន់តែការលក់ឧស្ម័នអាចផ្ដល់ប្រាក់ចំណូល រហូតដល់ទៅប្រមាណ៣៧,៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២៥ឆ្នាំ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង (រុស្ស៊ី) បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានរយៈពេល២៥ឆ្នាំ ខណៈប្រភពឧស្សាហកម្មមួយខាងភាគីចិន បានទម្លាយឱ្យដឹងថា វាមានរយៈពេល៣០ឆ្នាំ។

ដោយឡែក ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់រុស្ស៊ី Rosneft ដែលដឹកនាំដោយលោកIgor Sechin ដែលជាសម្ព័ន្ធមិត្តយូរយារណាស់មកហើយរបស់លោកពូទីន បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនចិន China National Petroleum Corporation (CNPC) ដើម្បីផ្គត់ផ្គង់ប្រេង១០០លានតោន តាមរយៈប្រទេសកាហ្សាក់ស្ថាន ក្នុងរយៈពេល១០ឆ្នាំ បន្ថែមពីលើកិច្ចព្រមព្រៀងដែលមានស្រាប់។

ក្រុមហ៊ុន Rosneft បានអះអាងថា កិច្ចព្រមព្រៀងថ្មីនេះ មានតម្លៃ៨០ពាន់លានដុល្លារអាមេរិក៕ REUTERS៕

LEAVE A REPLY

Please enter your comment!
Please enter your name here