កម្ពុជាផលិតមាសបាន១៧៥១គីឡូក្រាម នៅខេត្តមណ្ឌលគិរី ក្នុងរយៈពេល៧ខែនេះ

0

ដោយ៖ សុផារី

មណ្ឌលគិរី ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រាន់តែរយៈពេលប្រមាណ៧ខែកន្លងមកនេះ ក្រុមហ៊ុន អូស្ត្រាលី បានរុករកមាសនៅខេត្តមណ្ឌលគិរី បាន១៧៥១គីឡូក្រាម ដោយដុំខ្លះមានទម្ងន់រហូតដល់ជាង៣០គីឡូ ។

ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ៩៣,៥៦គីឡូម៉ែត្រដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ ប្រមាណជាង៣៣លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោបានឱ្យដឹងថា “គ្រាន់តែក្នុងរយៈពេល៧ខែយើងផលិតមាសបាន១៧៥១គីឡូ ហើយថ្ងៃនេះយើងក៏ផលិតបានទៀតដែលជាទូទៅយើងផលិតបានពី៨០គីឡូទៅ១០០គីឡូ”។

សម្តេចបានអះអាងថា ការផលិតមាស នៅក្នុងប្រទេសកម្ពុជាបានផលិតកាន់តែច្រើនទៅៗដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង។ យើងនៅមិនទាន់ស្រាវជ្រាវអស់ទេ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ ។

សម្តេចលើកឡើងថា មាសដែលផលិតបាននេះមិនទាន់ក្លាយជាមាសទឹកដប់នោះទេ ដោយត្រូវតែដឹកយកទៅផលិតឱ្យក្លាយជាមាសទឹកដប់នៅប្រទេសអូស្ត្រាលី ។

មាសដែលផលិតបាននោះខ្លះមួយដុំមានទម្ងន់២០គីឡូ ជាង៣០គីឡូ និងខ្លះទៀតជាង១០គីឡូ ដែលត្រូវដឹកទៅចម្រាញ់ឲ្យក្លាយជាមាសទឹកដប់ នៅប្រទេសអូស្ត្រាលី ។

សម្តេចបញ្ជាក់ថា “អញ្ចឹងការប៉ាន់ស្មានរបស់ខ្ញុំ គឺត្រូវ ឥលូវដំណាំ ដែលដាំដុះនៅខេត្តចំនួន៤ ត្រូវបាននាំចេញ បើទោះបីជាដីមិនទាន់ បានកែច្នៃក៏ដោយ ។ ប៉ុន្តែដំនាំកៅស៊ូរ ស្វាយចន្ទី ម្រេច និងដំណាំដទៃទៀតបាននាំចេញទៅបរទេស ជាវត្ថុធាតុដើមផង និងផលិតផលកែច្នៃសម្រេចផងដែរ”។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ខ្លួននៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះមានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត២លានតោន ក្នុង១ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here