ដោយ៖ សុផារី
ភ្នំពេញ៖ កម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការស្តារឡើងវិញពីកូវីដ-១៩ របស់ Nikkei ពីចំណាត់ថ្នាក់លេខ២២ ក្នុងខែធ្នូ។ ការកើនឡើងរបស់កម្ពុជាគឺដោយសារតែអត្រាករណីឆ្លងទាប និងការសម្រេចរបស់រដ្ឋាភិបាលក្នុងការបើកសេដ្ឋកិច្ចឡើងវិញក្រោមលក្ខខណ្ឌនៃជីវភាពធម្មតាតាមបែបគន្លងថ្មីនៅក្នុងខែវិច្ឆិកា។
សន្ទស្សន៍ Nikkei នេះបានចាត់ចំណាត់ថ្នាក់ប្រទេស ឬតំបន់ចំនួន១២២ លើការគ្រប់គ្រងការឆ្លងមេរោគ ការផ្តល់វ៉ាក់សាំង និងការគៀគរក្នុងសង្គម។ ពិន្ទុខ្ពស់បង្ហាញថាប្រទេស ឬតំបន់កាន់តែខិតទៅជិតការងើបឡើងវិញ។ ហើយកម្ពុជាទទួលបាន ៧៨ ពិន្ទុក្នុងសន្ទស្សន៍ថ្ងៃទី ៣១ ខែមករា ជាមួយនឹងកោះតៃវ៉ាន់ដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទទួលបាន ៨២ ពិន្ទុក្នុងចំណោម ១០០។
តាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា ករណីឆ្លងថ្មីជាមធ្យមបានធ្លាក់ចុះមកត្រឹម៥១ករណីក្នុងមួយថ្ងៃពីកម្រិតខ្ពស់បំផុតក្រោម១ពាន់ករណីក្នុងខែកក្កដា ដោយមានការករណីស្លាប់តែមួយប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅឆ្នាំថ្មីនេះ។
បន្ទាប់ពីការផ្ទុះឡើងនៅកាលពីឆ្នាំមុន កម្ពុជាបានចាក់វ៉ាក់សាំងជាង ៣៣លានដូសដែលគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជនទាំងអស់។ វ៉ាក់សាំងមូលដ្ឋានភាគច្រើនគឺជាវ៉ាក់សាំង ស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់។ កម្ពុជាបានចាប់ផ្តើមយុទ្ធនាចាក់វ៉ាក់សាំងដូសជំរុញកាលពីឆ្នាំមុនជាមួយវ៉ាក់សាំង AstraZeneca ហើយឥឡូវនេះបានឈានទៅដល់យុទ្ធនាចាក់វ៉ាក់សាំងដូសទីបួនដោយប្រើប្រាស់វ៉ាក់សាំង Pfizer។ កម្ពុជាបានលុបចោលការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញកាលពីខែវិច្ឆិកាឆ្នាំមុន ខុសពីប្រទេសជិតខាងក្នុងតំបន់អាស៊ានផ្សេងទៀតទេ ដែលមិនទាន់ដកការរឹតត្បិតនៅឡើយ។
ចំណែកប្រទេសថៃ ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី១៩ ឯប្រទេសវៀតណាម បានធ្លាក់ដល់លេខ៩០ ដោយសារចំនួននៃការឆ្លងបានកើនឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះ ខណៈប្រទេសឡាវស្ថិតនៅក្នុងលំដាប់លេខ១០១៕