រដ្ឋាភិបាលត្រូវការប្រាក់ជាង១១១លានដុល្លារ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គម្រោងស្ពានឆ្លងរវាងខេត្តក្រចេះ ភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ នឹងត្រូវប្រើប្រាស់ថវិកាសរុបចំនួន១១១,៩៨លានដុល្លារ ដោយត្រូវប្រើរយៈពេលសាងសង់៤២ខែ។

លោកវ៉ាស៊ីម សុរិយា មន្រ្តីអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេស និងចចារតម្លៃគម្រោងសាងសង់ស្ពានមេគង្គក្រចេះ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ជាមួយក្រុមហ៊ុន Shanhai Co.,Ltd និងក្រុមហ៊ុនកុងស៊ុលតង់Guangzhou Wanan Construction Supervision Co.,Ltd ដោយមានសមាសភាពចូលរួមដទៃផ្សេងទៀត បានបង្ហាញឲ្យដឹងថា គម្រោងស្ពាននេះ មានប្រវែងសរុប១៧៦១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ។

ស្ពាននេះតភ្ជាប់ក្បាលស្ពានទាំងសងខាង និងផ្លូវខ្នែងមានប្រវែងសរុប ៣១,៦៩៨គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់៧សង់ទី​ម៉ែត្រ ទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ប្រវែង៥,០២៥គីឡូម៉ែត្រ កម្រាស់AC ៧សង់ទីម៉ែត្រ ទទឹង១៣ម៉ែត្រ លើតួផ្លូវ១៩,៥០ម៉ែត្រ ប្រវែង០,៤២៤គីឡូម៉ែត្រ កម្រាស់ AC ៧ សង់ទីម៉ែត្រ ទទឹង១០ម៉ែត្រ លើតួផ្លូវ១១ម៉ែត្រ ប្រវែង ១៥,៤៩គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹង ៩ម៉ែត្រ លើតួផ្លូវ ១៣ម៉ែត្រ ប្រវែង ០,៥៩៧គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹងចាប់ពី ៩,៥០ម៉ែត្រ ទៅ១០ម៉ែត្រ លើតួផ្លូវ ១២ម៉ែត្រ ប្រវែង ១០,១៦២គីឡូម៉ែត្រ, ស្ពានប្រវែងមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ (ផ្លូវតភ្ជាប់ ៣កន្លែង និងផ្លូវខ្នែង ១កន្លែង) និងលូគ្រប់ប្រភេទចំនួន ៣២កន្លែង។

សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានថ្លែងបញ្ជាក់ថា “នៅឆ្នាំ២០២៣ខាងមុខ នឹងសម្ពោធបើកការដ្ឋានសម្រាប់ការសាងសង់ស្ពានឆ្លងពីក្រចេះ ទៅកំពង់ធំ”។

សម្តេចថ្លែងបន្តថា លោកមិនភ្លេចទេ ហើយការតភ្ជាប់នេះ មិនមែនសម្រាប់ចម្លងពីខ្សែម្ខាងទៅម្ខាងនោះទេ គឺថ្ងៃក្រោយនឹងឆ្លងកាត់ផ្លូវមួយខ្សែ ទៅដល់កំពង់ថ្ម ព្រោះមិត្តចិនគាត់និយាយហើយធ្វើលឿនជាងផែនការ។នេះជាទំលាប់របស់ចិន ដែលគាត់និយាយតិច គាត់ធ្វើច្រើន សម្រាប់ខេត្តក្រចេះភ្ជាប់ទៅខេត្តស្ទឹងត្រែង និងទៅខេត្តកំពង់ធំ មិត្តចិនជួយធ្វើការងារនេះបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here