ដោយៈសុខុម
អន្តរជាតិ: សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី៨ កុម្ភៈ បានបង្ហាញផែនការបង្កើន ការផ្គត់ផ្គង់បន្ទះឈីបដល់ទៅ៤ដងនៅអឺរ៉ុប ត្រឹមឆ្នាំ២០៣០ ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការពឹងផ្អែករបស់ប្លុកនេះ លើតំបន់អាស៊ី សម្រាប់បន្ទះឈីបដែលជាធាតុផ្សំដ៏សំខាន់ ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី និងស្មាតហ្វូន។
ការផលិតបន្ទះឈីបនេះ បានក្លាយជាគោលនយោបាយអាទិភាពជាយុទ្ធសាស្ត្រនៅអឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ ដែលជាហេតុនាំឱ្យដំណើរការផលិតកម្មនៅតាមរោងចក្រនានាជាប់គាំង និងធ្វើឱ្យផលិតផលលក់ដាច់ស្តុកគ្មានសល់។
ការផលិតបន្ទះឈីបពិតជាកាក់កបយ៉ាងខ្លាំង ហើយការផលិតមានច្រើនលើសលប់នៅកោះតៃវ៉ាន់ ប្រទេសចិន និងកូរ៉េខាងត្បូង ហើយប្រទេសជាសមាជិកទាំង២៧របស់សហភាពអឺរ៉ុប ចង់ឱ្យរោងចក្រ និងក្រុមហ៊ុននានានៅក្នុងប្លុកអឺរ៉ុប បង្កើនការផលិតបន្ទះឈីបដើម្បីដណ្ដើមចំណែកទីផ្សារ។
គណៈកម្មការអឺរ៉ុបលើកឡើងថា ច្បាប់ស្ដីពីបន្ទះឈីប (Chips Act) របស់សហភាពអឺរ៉ុប ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសានឹង “ប្រមូលកៀរគរការវិនិយោគសាធារណៈ និងឯកជនឱ្យបាន៤៩,១ពាន់លានដុល្លារអាមេរិក” ហើយនឹង”ធ្វើឱ្យសហភាពអឺរ៉ុប សម្រេចមហិច្ឆតាបង្កើនទ្វេដងនូវចំណែកទីផ្សារបច្ចុប្បន្នរបស់ខ្លួន ឱ្យឈានដល់២០%នៅឆ្នាំ២០៣០”។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លើកឡើងថា “យើងបានកំណត់គោលដៅដោយខ្លួនឯង ដើម្បីដណ្ដើមចំណែកទីផ្សារពិភពលោកឱ្យបាន២០% នៃការផលិតបន្ទះឈីបនៅទីនេះ ក្នុងទ្វីបអឺរ៉ុប”។
លោកស្រីបានបន្ថែមថា ដើម្បីឈានដល់កម្រិតនោះ “យើងត្រូវបង្កើនការប្រឹងប្រែងផលិតឱ្យបានគុណនឹង៤” ដោយសារមានតម្រូវការកើនឡើងខ្លាំងទូទាំងពិភពលោក។
លោក Thierry Breton ឧត្ដមស្នងការទទួលបន្ទុកឧស្សាហកម្មរបស់សហភាពអឺរ៉ុបបានជំរុញឱ្យពលរដ្ឋអឺរ៉ុប មានមហិច្ឆតាធំដែលស្របនឹងផែនការស្រដៀងគ្នា នៅក្នុងសហរដ្ឋអាមេរិក ដែលរដ្ឋការប្រធានាធិបតីចូ បៃឌិន កំពុងស្នើឱ្យសភាអាមេរិក អនុម័តផែនការមួយ ដែលមានទំហំទឹកប្រាក់៥២ពាន់លានដុល្លារ៕ Arab News៕