ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលនឹងរៀបចំដំណើរការ ជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍ សរុបចំនួនប្រមាណ៥ពាន់នាក់។

ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលនឹងរៀបចំដំណើរការ ជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយត្រូវប្រើប្រាស់មន្ត្រីសម្ភាសន៍ សរុបចំនួនប្រមាណ៥ពាន់នាក់។

លោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំនៅថ្ងៃទី៨ កុម្ភៈថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់បំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងផ្តល់សូចនាករសម្រាប់ចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០។

លោកបានបន្តថា ការធ្វើជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើជាលើកទី២ បន្ទាប់ពីបានធ្វើជាលើដំបូងនៅឆ្នាំ២០១១ ហៅថា “ជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១” និងបានធ្វើ “អង្កេតចន្លោះជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១៤” ដែលឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការ JICA រដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឆាយ ថនបានពន្យល់ថា ដើម្បីគណនាវាយតម្លៃអំពីកំណើនសេដ្ឋកិច្ច តាមវិស័យនៅរាជធានីខេត្តនីមួយៗ យើងត្រូវតែមានទិន្នន័យតួលេខឱ្យបានច្បាស់ត្រឹមត្រូវ ជឿជាក់ខ្ពស់ និងទាន់ពេលវេលា សម្រាប់ឆ្លើយតបតម្រូវការប្រើប្រាស់ទិន្នន័យ ដោយផ្អែកតាមបរិបទសេដ្ឋកិច្ច នៅក្នុងរាជធានីខេត្ត ថ្នាក់តំបន់ និងសកលលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សជាមួយ នឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលនឹងនាំមកនូវបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕