ខេត្តកែប នឹងមានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់សម្រាប់ទេសចរណ៍ជាតិ អន្តរជាតិ

0

ដោយៈ តារា

កែបៈ អភិបាលខេត្តកែបបានថ្លែងថា នៅមុនចូលឆ្នាំថ្មី នឹងមានឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់ សម្រាប់ទេសចរណ៍ អន្តរជាតិដើរលេង កម្សាន្ត។

គម្រោងពង្រីកឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់របស់ខេត្តកែប ដែលមានប្រវែងជិត៣គីឡូម៉ែត្រ បាននិងកំពុងដំណើរការ ដែលមានការចាក់ដីបំពេញឆ្នេរ និងចាក់ខ្សាច់សម្រាប់ឲ្យទេសចរដើរកម្សាន្ត និងមានផ្លូវបេតុងសម្រាប់ចូល៥ខ្សែ។

លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គិតមកទល់ពេលនេះ ដំណើរការនៃការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្ត សាធារណៈកម្រិតខ្ពស់នេះ សម្រេចស្ទើរតែបាន១០០ភាគរយហើយ ដែលជំហានបន្តនឹងអនុវត្តការចាក់ខ្សាច់បំពេញ ប្រវែង៣០ម៉ែត្រទៀត ដើម្បីឲ្យទេសចរអាចដើរកម្សាន្តបាន ហើយតាមផែនការចាប់ផ្តើមចាក់ខ្សាច់បំពេញនាដើមខែក្រោយនេះ។

លោកបានបន្ថែមថា ចំពោះផ្លូវ៥ខ្សែ ដែលមានវិថីពីរ និងអនុវិថីបី សម្រេចការស្ថាបនាបាន៨០ភាគរយ ហើយបើតាមផែនការបស់គណៈកម្មាធិការអនុវត្តការងារនេះ នឹងបញ្ចប់ការសាងសង់មុនបុណ្យចូលឆ្នាំខ្មែរ។

លោកសោម ពិសិដ្ឋបានបង្ហាញនូវការជឿជាក់ថា តាមរយៈគម្រោងនេះ ខេត្តកែប នឹងអាចពង្រីកតំបន់ឆ្នេរ កម្សាន្តបានកាន់តែច្រើន ហើយប្រណីត សម្ទុះភ្ញៀវទេសចរ ក៏នឹងកើនឡើងកាន់តែច្រើន ដែលជះឥទ្ធិពល ល្អប្រសើរដល់ជីវភាព រស់នៅរបស់ប្រជាជនក្នុងតំបន់ ហើយនេះជាមោទនភាពរបស់ខេត្តកែប។

គម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់ កម្សាន្តសាធារណៈកម្រិតខ្ពស់ ប្រវែងជិតបីគីឡូម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ប្រកាសឱ្យអនុវត្តកាលពីខែសីហា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ផ្អែកលើស្មាតីកិច្ចប្រជុំ កាលពីខែកក្កដា ឆ្នាំ ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here