មហាយក្សចិន ពង្រីកឥទ្ធិពលនៅអាមេរិកឡាទីនដោយជួយសាងសង់រោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ

0

ដោយៈសុខុម

ប៉េកាំង: មហាយក្សចិន កាលពីពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រថាមពល ដើរដោយនុយក្លេអ៊ែរនៅប្រទេសអាហ្សង់ទីន ដែលជាផ្នែកមួយនៃមហិច្ឆតា ពង្រីកឥទ្ធិពលរបស់ខ្លួននៅអាមេរិកឡាទីន។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៣ កុម្ភៈបានឱ្យដឹងថា រោងចក្រថាមពល Atucha III មានតម្លៃរហូត ដល់ទៅ៨ពាន់លានដុល្លារអាមេរិកនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត ជឿនលឿនដែលប្រទេសចិន បានបង្កើតឡើង នោះគឺការឌីហ្សាញរ៉េអាក់ទ័រ Hualong One។

គម្រោងរោងចក្រនេះ នឹងត្រូវសាងសង់នៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រនាភាគពាយព្យ នៃរដ្ឋធានីប៊ូណូស៊ែ។ រោងចក្រនេះ គឺជារោងចក្រថាមពលដើរដោយនុយក្លេអ៊ែរទី៤ នៅប្រទេសអាហ្សង់ទីន ហើយវាមានសមត្ថភាព ផលិតថាមពលអគ្គិសីបាន១,២ជីហ្គាវ៉ាត់ (GW) និងមានអាយុកាលដំបូង៦០ឆ្នាំ។

រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងប៊ូណេស៊ែ បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើគម្រោងនេះ តាំងពីឆ្នាំ២០១៥ ប៉ុន្តែបានជាប់គាំង មកទល់នឹងពេលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះរវាងក្រុមហ៊ុនរដ្ឋចិន China National Nuclear Corporation និងក្រុមហ៊ុន Nucleoelectrica Argentina នៅថ្ងៃទី៣១ មករា។

ប៉ុន្មានថ្ងៃក្រោយមក អាហ្សង់ទីន បានក្លាយជាប្រទេសទី១ នៅមេរិកឡាទីន ដែលបានព្រមព្រៀងចូលរួមក្នុងគំនិតផ្តួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” ទូទាំងពិភពលោករបស់មហាយក្សចិន ដោយប្រធានាធិបតី Alberto Fernandez បានចុះអនុស្សរណៈនៃការយោគយល់ (MoU) មួយអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រុងប៉េកាំង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ក្នុងជំនួបជាមួយប្រធានាធិបតី Alberto Fernandez កាលពីថ្ងៃអាទិត្យ ទី១៣ កុម្ភៈ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានលើកឡើងថា ប្រទេសទាំង២គួរតែជំរុញ គម្រោងទំនប់វារីអគ្គិសនី និងគម្រោងផ្លូវដែកដែលមានស្រាប់ ដោយបង្កើនកិច្ចសប្រតិបត្តិការ កាន់តែស៊ីជម្រៅផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ។

ទោះជាយ៉ាងណា គម្រោងមួយចំនួនរបស់ប្រទេសចិន ត្រូវបានប្រឆាំ​ងជំទាស់ ដោយសារបង្កផលប៉ះពាល់ដល់បរិស្ថាន ហើយទន្ទឹមនេះសហរដ្ឋអាមេរិក ក៏ដាក់សម្ពាធកុំឱ្យពង្រឹងទំនាក់ទំនង កាន់តែស៊ីជម្រៅជាមួយរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here