ដំណឹងល្អៈកុមារអាយុក្រោម៥ឆ្នាំនឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដពីជំនួយADB ៩៥លានដុល្លារនាពេលខាងមុខ

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ រួមមានការចាក់វ៉ាក់សាំងជំរុញប្រចាំ ឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និងការចាក់វ៉ាក់សាំងមូលដ្ឋាន សម្រាប់កុមារអាយុក្រោម៥ ឆ្នាំ។

លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ADB មានប្រសាសន៍ថា “គម្រោងនេះនឹងជួយកម្ពុជា ដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណីឆ្លងមេរោគធ្ងន់ធ្ងរ និងបង្កើនល្បឿននៃ ការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត”។ លោកបន្តថា “ADB ក៏នឹងផ្តល់ជំនួយបច្ចេកទេសចំនួន១លានដុល្លារផងដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់វ៉ាក់សំាង ព្រមទាំងកាត់បន្ថយបញ្ហាប្រឈមក្នុងការទទួលបានវ៉ាក់សំាង ក្នុងចំណោមស្ត្រី កុមារី កុមារតូច និង ក្រុមពលរដ្ឋដែលនៅឆ្ងាយ”។

ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ក្នុងឆ្នាំ២០២០ ប៉ុន្តែការផ្ទុះការឆ្លងនៅឆ្នាំ ២០២១ បានបង្កជាសម្ពោធយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធថែរទាំសុខភាព ហើយបណ្តាលឱ្យមានការបិទសាលារៀន និងអាជីវកម្មជាច្រើន មួយរយៈពេលធំក្នុងឆ្នាំនោះ។

ប្រទេសកម្ពុជាបានផ្តល់ចាក់វ៉ាក់សាំង យ៉ាងពេញលេញដល់ប្រជាពលរដ្ឋប្រមាណ៨០% នៃប្រជាពលរដ្ឋសរុប១៦,៧ លាននាក់ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី ១0 ខែ កុម្ភៈ ឆ្នាំ២០២១មក។ ជាមធ្យម ពលរដ្ឋកម្ពុជាច្រើនជាងម្នាក់ ក្នុងចំណោមពលរដ្ឋប្រាំនាក់ ឬ២១,៨% បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។

ទោះបីជាយ៉ាងនេះក្តី ប្រព័ន្ធសុខាភិបាលរបស់ប្រទេស នៅតែងាយរងគ្រោះ ចំពោះការកើនឡើងនៃការឆ្លងថ្មី នៃមេរោគបំប្លែងខ្លួន ដូចជា Delta និង Omicron ជាដើម។

បន្ថែមពីលើប្រាក់កម្ចីដែលបានមកពីមូលនិធិ APVAX (Asia Pacific Vaccine Access Facility) ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងជួយសម្របសម្រួល ប្រាក់កម្ចីចំនួន៥0លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank ឬហៅកាត់ថា AIIB) សម្រាប់កម្ពុជាផងដែរ។

ប្រាក់កម្ចីទាំងនេះ នឹងជាថវិការួមសម្រាប់ការទិញ វ៉ាក់សាំងរហូតដល់ ១៤,៥ លានដូស ព្រមទាំងជួយគាំទ្រដល់ការដឹកជញ្ជូនចាំបាច់នានា។

គម្រោងខាងលើ ជាការគាំទ្របន្ថែមទៅលើជំនួយ ទាក់ទងនឹងកូវីដ១៩កន្លងទៅរបស់ADBដល់កម្ពុជា។

កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចីចំនួន ២៥០លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសង្គម និងសេដ្ឋកិច្ចនៃ ជំងឺរាតត្បាតនេះ។ លើសពីនេះADB ក៏បានផ្តល់ឧបករណ៍ការពារខ្លួន ប្រមាណ១,៧ លានគ្រឿងដល់កម្ពុជាក្នុងឆ្នាំ២០២១ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here