ដោយៈ វណ្ណៈ
ភ្នំពេញៈ ទីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ បានជួបវិបត្តិខ្វះកំលាំងពលកម្មលើទីផ្សារការងារជាថ្មី បន្ទាប់ពីកាស៊ីណូ អាជីវកម្មនានាបានបើកដំណើរការឡើងវិញ។
លោកសួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HTL Bright ដែលមានមុខជំនួញជាច្រើន នៅទីក្រុងជាប់ព្រំប្រទល់ប្រទេសថៃ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីក្រុងនេះ ពិបាករកមនុស្សធ្វើការណាស់ ពិសេសការងារមួយចំនួនទាក់ទងនឹងរដ្ឋបាល និងការងារមួយចំនួនទៀត ដែលជាការងារចាំបាច់របស់ក្រុមហ៊ុន។
លោកបន្តថា “អ្នកចេះបន្តិចបន្តួច គ្រាន់តែកាន់កុំព្យួទ័រអាចធ្វើការលើបណ្តាញទំនាក់ទំនងសង្គម ឬការងាររដ្ឋបាលផ្សេងៗ ក៏ពួកគេទាមទារប្រាក់ខែ ៥០០ដុល្លារផងដែរ ពិសេសពួកគេត្រូវការបាយពីរពេលផងដែរ”។ លោកបន្តថា “បច្ចុប្បន្នសូម្បីក្រុមហ៊ុនរបស់លោក ក៏ពិបាករកបុគ្គលិកធ្វើការផងដែរ បើមានគឺពួកគេទាមទារប្រាក់ខែខ្ពស់ ធៀបជាមួយការងារនៅរាជធានីភ្នំពេញ”។
លោកសួង សុខហ៊ាង បានបន្តថា ក្រុងប៉ោយប៉ែត ចាប់ផ្តើមមានសកម្ម ភាពសាងសង់សំណង់ធំៗកាន់តែច្រើន និងមានភាពសកម្មឡើងវិញច្រើន ដោយសារការរីកចម្រើនសេដ្ឋកិច្ចរបស់ក្រុង ព្រោះកាស៊ីណូ តំបន់សេដ្ឋកិច្ចពិសេសនានាបានបើកដំណើរការឡើងវិញហើយ។
លោកបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យការវិនិយោគលំនៅដ្ឋាន កើនោះឡើងខ្ពស់ ពិសេសផ្ទះមានតម្លៃថ្លៃៗ ដោយសារទីផ្សារ និងតម្រូវការជួលបានកើនឡើងខ្ពស់ជាថ្មី ព្រោះបច្ចុប្បន្នផ្ទះវីឡាមួយ អាចជួលបានរហូតដល់ ១០,០០០ឬច្រើនជាងនេះក្នុងមួយខែ៕