សម្តេចតេជោ៖ ពានរង្វាន់សន្តិភាពស៊ុនហាក់ បានមកពីការខិតខំស្វែងរកសន្តិភាពយ៉ាងលំបាកសម្រាប់កម្ពុជា មិនមែនយកលុយទៅទិញនោះឡើយ

0

ដោយ៖សុផារី

ក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ បានប្រសាសន៍ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលសម្តេចទទួលបាននាពេលថ្មីៗនេះបានមកពីការខិតខំស្វែងរកសន្តិភាពយ៉ាងលំបាកសម្រាប់កម្ពុជា មិនមែនយកលុយទៅលុយនោះឡើយ។

សម្តេចតេជោបានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ០៧កន្លែង ក្នុងខេត្តព្រៃវែងចំនួន ០២កន្លែង លើកំណាត់ផ្លូវជាតិលេខ១១ និងក្នុងខេត្តក្រចេះចំនួន ០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣។

សម្តេចបានថ្លែងថា សម្តេចគ្មានភាពចាំបាច់អីយកលុយទៅទិញពានរង្វាន់សន្តិភាពស៊ុនហាក់នោះឡើយ។ គណៈកម្មការផ្តល់ពានរង្វាន់ ក៏គ្មាននរណាអាចទិញបាននោះឡើយ។ សម្តេចថ្លែងថា “អ្នកខ្លះថាខ្ញុំយកលុយទៅទិញទៀត ឱព្រះអើយព្រះ មិនមានការចាំបាច់ទៅពាក់មេដៃនេះធ្វើអី ហើយខ្ញុំមានលុយឯណាទៅទិញ។ ម្យ៉ាងទៀត ពានរង្វាន់នេះគេមិនមែនធ្វើដើម្បីលក់ទេ គេមើលឃើញតម្លៃដែលយើងរកសន្តិភាព ដ៏លំបាកនៅកម្ពុជា”។

សម្តេចបានបញ្ជាក់ថា អង្គការនេះបានអញ្ជើញសម្តេចដើម្បីធ្វើជាសហប្រធាននៃការប្រជុំកំពូលស្តីពីឧបទ្វីបកូរ៉េ សហប្រធានមួយទៀតគឺ លោក បានគីមូន ជាមួយនឹងស្ថាបនិក UPS។ គ្រប់លិខិតអញ្ជើញប្រទេសចូលរួមចំនួន១៥៣ ប្រទេសគឺអញ្ជើញដោយហត្ថលេខារបស់សម្តេចផ្ទាល់និងលោកបាន គីមូន។

សម្តេចតេជោបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចអញ្ជើញទៅកាន់ឧបទ្វីបកូរ៉េ មិនមែនដើម្បីទទួលពានរង្វាន់ទេ តែព្រោះកិច្ចប្រជុំមួយទាក់ទងនឹងដំណើរការសន្តិភាពឧបទ្វីបកូរ៉េ ដែលសម្តេចបានដាក់ចេញទស្សនៈទាននិងសំណើរមួយ តម្រង់ឆ្ពោះទៅរកជាតិមួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here