ដោយ: ម៉ាលីស
ភ្នំពេញ: ចំនួនក្រុមហ៊ុនជប៉ុនតូច ធំចំនួនជាង១០០បាននិងកំពុងវិនិយោគនៅកម្ពុជា ដោយបានបោះទុនប្រមាណ ៣ពាន់លានដុល្លារ នៅកម្ពុជា ដែលចំនួននេះមិនទាន់រាប់បញ្ចូលក្រុមហ៊ុនតូចៗ ដែលវិនិយោគដោយរូបវ័ន្តបុគ្គលនៅឡើយទេ។

កាលពីពេលថ្មីៗនេះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
-->

កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
លោករដ្ឋមន្ត្រីប្រតិភូបានរំលេចពីច្បាប់ស្តីពី វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបាននិងកំពុងក្លាយជា មូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀតរបស់កម្ពុជា សម្រាប់ទាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវី-១៩។

លោករដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោកអគ្គរដ្ឋទូត បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំទ្វេរភាគីនេះផងដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោ គរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២, ៩ប៊ីលានដុល្លារអាមេរិក ដែលគិតមកត្រឹមដំណាច់ខែមករា ឆ្នាំ២០២២៕