សម្តេចបញ្ជាទៅគ្រប់ថ្នាក់ដឹកនាំគ្រប់ក្រសួង និងស្ថាប័ន សន្សំសំចៃដើម្បីត្រៀមថវិកាប្រយុទ្ធប្រឆាំងកូវីដ១៩

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចបានបញ្ជាទៅគ្រប់ថ្នាក់ដឹកនាំគ្រប់ក្រសួង និងស្ថាប័ន ត្រូវចេះគិតគួរក្នុងការចំណាយនាសម័យកាលកូវីដ-១៩ ដូច្នេះចំណាយណាមិនចាំបាច់ កុំចំណាយ។ គម្រោងមិនចាំបាច់ទាំងឡាយរបស់រដ្ឋ ដែលមិនទាន់ចាប់ផ្តើមសាងសង់ ត្រូវពន្យាពេលសិន ដោយរង់ចាំឆ្លងផុតដំណាក់កាលកូវីដ១៩សិន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈនេះថា បច្ចុប្បន្នរដ្ឋាភិបាល បានចំណាយថវិកាប្រមាណជិត ៤០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ងាយរងគ្រោះក្នុងវិបត្តិកូវីដ១៩នេះ។

កាលពីមុន កម្ពុជារកចំណូលបាន ហើយអាចសន្សំសំចៃ ជាហេតុធ្វើឱ្យកម្ពុជាអាចមានប្រាក់សន្សំខ្លះៗបាន ដើម្បីត្រៀមបម្រុងទុកនៅពេលមានការចាំបាច់ ឧទាហរណ៍ដូចជា ក្នុងវិបត្តិជំងឺកូវីដ១៩ជាដើម តែនៅពេលនេះ ចាប់តាំងពីកូវីដ១៩ វាយប្រហារ ការចំណាយកាន់តែកើនឡើងនិងមិនគ្រប់គ្រាន់ទេ ដូច្នេះសម្តេចសូមស្នើនិងដាក់បទបញ្ជាទៅកាន់ស្ថាប័ននិងអជ្ញាធរជាតិ ទាំងថ្នាក់លើនិងថ្នាក់ក្រោម សូមធ្វើការសន្សំសំចៃតាមតែអាចធ្វើបាន។

សម្តេចថ្លែងថា “ចាប់តាំងពីកូវីដ១៩ វាយប្រហារមក យើងរកប្រាក់ចំណាយមិនគ្រប់គ្រាន់ទេ ទោះបីក្នុងមួយខែយើងរកបានលើស៤០០លានក៏ដោយ តែការចំណាយមិនគ្រប់គ្រាន់ទេ។ […] ចឹងខ្ញុំសូមចេញបទបញ្ជាថា បើទោះបីថាមានគម្រោងរួចហើយ តែបើពន្យាបាន ពន្យាសិនទៅ ចាំកូវីដថយក្រោយសិនទៅ។ បើមិនអញ្ចឹងទេ គិតតែពីចាយ មិនមើលពីប្រភពចំណូលដែលបានថយ”។

សម្តេចថ្លែងបន្តថា “លុយត្រូវទិញវ៉ាក់សាំងមកចាក់ឱ្យប្រជាជន នេះពន្យាក៏មិនបានទេ ត្រូវតែមានចាក់ឱ្យប្រជាជន។ […] ការចំណាយលើការព្យាបាលអ្នកជំងឺតាមមណ្ឌលត្រូវតែមានឱ្យបានត្រឹមត្រូវ”។

សម្តេចតេជោបានដាក់បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យលើការស្នើសុំធ្វើគម្រោងនានា ដែលមិនចាំបាច់ ត្រូវផ្អាកសិន ដើម្បីកាត់បន្ថយការចំណាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here