ដោយៈសុខុម
សឹង្ហបុរី: ក្រុមហ៊ុនទូរគមនាគមន៍សិង្ហបុរី Singtel នៅថ្ងៃពុធ ទី២៣ កុម្ភៈ នេះបានប្រកាសផែនការបោះទុនវិនិយោគ រហូតដល់ទៅជាង២ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍការិយាល័យកណ្ដាលរបស់ខ្លួន នៅអគារកប់ពពក Comcentre ឡើងវិញ។
អគារ៣២ជាន់ ដែលមានកម្ពស់១៤០ម៉ែត្រ ស្ថិតនៅតាមបណ្ដោយផ្លូវ Exeter Road ក្បែរស្ថានីយរថភ្លើងក្រោមដី Somerset MRT នេះត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ។
ក្រុមហ៊ុនSingtel បានបញ្ជាក់ថា ការចំណាយលើការអភិវឌ្ឍការិយាល័យកណ្ដាលរបស់ខ្លួនឡើងវិញនេះ ត្រូវបានប៉ាន់ប្រមាណថាការចំណាយលើស២ពាន់លានដុល្លារ។
ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន២ ត្រូវបានជ្រើសរើសឱ្យជាប់ ក្នុងបញ្ជីសម្រាំង (Shortlist) រួចហើយនៅក្នុងការដេញថ្លៃដំណាក់កាលដំបូង។ ដំណើរការនៃការដេញថ្លៃនេះ នឹងបិទបញ្ចប់នៅខែមីនា ហើយក្រុមហ៊ុនSingtel និយាយថា ខ្លួនរំពឹងថា ការជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍នៅវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅខែឧសភា។
ក្នុងនាមជាអ្នកជួលដ៏ធំ នៃគម្រោងអភិវឌ្ឍន៍ថ្មីនេះ ក្រុមហ៊ុន Singtel នឹងកាន់កាប់ប្រមាណ៣០% នៃផ្ទះលំហរបស់អគារទាំងមូល ហើយសល់ប៉ុន្មានជួលឱ្យទៅក្រុមហ៊ុនផ្សេងៗទៀត។
យោងតាមការរំពឹងទុក អគារ Comcentre ថ្មីនេះដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ នឹងមានផ្ទៃសរុបជាង១១០.០០០ម៉ែត្រការ៉េ ដែលរួមមានអគារការិយាល័យកម្រិតA ហាងលក់រាយ និងក្រុមហ៊ុន Singtel ផងដែរ៕ CNA៕