អ្នកឧកញ៉ាកុក អានវិនិយោគស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត៣កន្លែងនៅខេត្តព្រះសីហនុ

0

ដោយៈម៉ាលីស

ព្រះសីហនុៈ អ្នកឧកញ៉ាកកុក អានបាននិងកំពុងវិនិយោគស្ថានីយ៍ទឹកស្អាតនៅខេត្តព្រះសីហនុ ស្របពេលចំនួនប្រជាពលរដ្ឋនិងតម្រូវការប្រើប្រាស់ទឹកស្អាតបានកើនឡើងនៅក្នុងខេត្តមួយនេះ។

លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីចុងសប្តាហ៍មុន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត របស់ក្រុមហ៊ុនអាន កូ មានទីតាំងនៅតំបន់ក្បាលឆាយ  ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកឧកញ៉ា កុក អានអគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកស្អាត ចំនួន៣កន្លែង ដោយមានសមត្ថភាពផលិតទឹក ក្នុងមួយថ្ងៃបានចំនួន១៦ម៉ឺនម៉ែត្រគីប ក្នុងនោះទំនប់ទី១ អាចផលិតបាន៤ម៉ឺនម៉ែត្រគីប ទំនប់ទី២ ផលិតបាន៦ម៉ឺនម៉ែត្រគីប និងទំនប់ទី៣ មានសមត្ថភាពផលិតចំនួ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ សម្រាប់ចែកចាយប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។

បច្ចុប្បន្ន ក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ ជូនប្រជាពលរដ្ឋ រោងចក្រសហគ្រាសប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ មួយផ្នែកនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដែលអាចប្រើប្រាស់ទឹកក្នុងរង្វង់ ពី៦ម៉ឺនទៅ៧ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ ចំពោះមុខទិសដៅបន្ត ក្រុមហ៊ុននឹងខិតខំតបណ្ដាញភ្ជាប់ឱ្យបានច្រើនទូលំទូលាយ ទៅតាមបណ្ដាក្រុងស្រុក រោងចក្រសហគ្រាស ដែលកំពុងមានការអភិវឌ្ឍនថ្មីៗ ដើម្បីឱ្យស្របទៅនឹងកំណើន នៃការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។

លោកចម ប្រសិទ្ធក៏បានណែនាំឱ្យ ក្រុមហ៊ុនធ្វើការពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបន្តពង្រីកការគ្រប់​គ្រងទឹកឱ្យបានកាន់តែច្រើន ខណៈពេលដែលខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត កំពុងមានការអភិវឌ្ឍន៍ តាមរយៈអ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិមកបណ្ដាក់ទុន។

លោកបន្ថែមថា ទន្ទឹមនឹងខេត្តព្រះសីហនុ មានការអភិ​វ ឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ប្រព័ន្ធគមនាគមន៍រៀបចំបានរួចរាល់ ក្នុងនោះទាមទារឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ រៀបចំបណ្ដាញប្រព័ន្ធទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងឱ្យក្រុមហ៊ុនបន្តតបណ្ដាញឱ្យបាន ទៅដល់ក្រុងស្រុក ជាពិសេសនៅតំបន់ដែលកំពុងមានការអភិវឌ្ឍន ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង បើគ្មានបណ្ដាញទឹកការអភិ​វ ឌ្ឍន៍ក៏មិនអាចទៅរួចដែរ។

ជាមួយគ្នានេះ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងនូវពីរចំនុចសំខាន់ៗ ទី១ គឺការថែរក្សា និងអភិរក្សនូវផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់ក្បាលឆាយ ដោយក្នុងនោះស្នើសុំមន្ទីរបរិស្ថាន ខេត្ត ផ្តល់ផែនទីជូនក្រុមហ៊ុនអានកូ ដើម្បីសហការគ្នាក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស ឱ្យមានការកាប់ទន្ទ្រាន ក៏ដូចជាការលោកលួចសង់លំនៅដ្ឋាន ធ្វើកសិកម្ម ដែលបង្កឱ្យខូចគុណភាពទឹក និងប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់សារជាតិគីមីផ្សេងៗ។

ទី២ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាតំប​ន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានចក្ខុវិស័យ វែងឆ្ងាយ អំពីរៀបចំឱ្យខេត្តរបស់យើងក្លាយជា តំបន់ឧស្សាហកម្មធុនធ្ងន់ ទំនើប និងវិទ្យាសាស្ត្រ ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីតម្រង់ទិស នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាពេលអនាគត ជាពិសេ​សផ្លូវ ទឹក និងភ្លើង ត្រូវដើរស្របគ្នាទៅនឹងគោលដៅ នៃការអភិវឌ្ឍន៍ ដើម្បីប្រសិទ្ធភាព នៃរៀបចំផែនការ នៃការផ្គត់ផ្គង់ស្របតាមតម្រូវការនៃការប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here