អបអរសាទរ: អគារអ្នកដំណើរថ្មីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ

0

ដោយៈ ម៉ាលីស

បន្ទាយមានជ័យៈ អគារអ្នកដំណើរថ្មី នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងពីធីសម្ពោធនេះថា “អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ជាសមិទ្ធផលថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលសម័យតេជោ ដែលបានបង្ហាញ និងបញ្ជាក់ច្បាស់ពីមុខមាត់ និងមោទនភាពជាតិកម្ពុជា”។

អគារច្រកទ្វារដ៏ស្កឹមស្កៃនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។ អគារនេះបានបង្កប់ដោយរចនាបថខ្មែរ និងស័ក្តិសមជាមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ និងមានរចនាសម្ព័ន្ធបម្រើការងារស្របតាមស្តង់ដារអន្តរជាតិ។

សម្តេចក្រឡាហោមបានបន្តថា “អគារថ្មីនេះ មិនត្រឹមតែបម្រើផលប្រយោជន៍ដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងចូលរួមគាំទ្រ ដល់ការបំពេញការងាររបស់ក្រុមមន្ត្រីសមត្ថកិច្ច ប្រកបដោយវិជ្ជាជីវៈ ជាមួយឥរិយាបថល្អ រួសរាយរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់ផ្នែកជំនាញ ដើម្បីប្រែក្លាយអគារ នេះជាកន្លែងដើមទីដំបូងគេមួយ ក្នុងការផ្តល់បដិសណ្ឋារកិច្ច និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ”។

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា សម្រាប់សេដ្ឋកិច្ច និងទេសចរណ៍  និងជាច្រកផ្លូវគោកចម្បងដែលមុនកូវីដ-១៩ បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណជា ២៨% នៃភ្ញៀវទេសចរតាមផ្លូវគោកសរុប និងប្រមាណ ៨,៧% នៃទេសចរអន្តរជាតិសរុបមកកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here