ដោយៈ សុផារី
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គិតមកត្រឹមពេលនេះ ផ្លូវដែលគាំទ្រដោយចិនមានចំនួន២៩ខ្សែ និងស្ពានធំៗចំនួន៩ហើយ។
សម្តេចបានមានប្រសាសន៍ នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជិត១៣៥គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោបានបន្តថា រហូតមកដល់ពេលនេះ សាធារណរដ្ឋចិនបានផ្ដល់នូវការគាំទ្រ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងច្រើនក្នុងនោះ មានស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
បើតាមសម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះ ផ្លូវដែលបានសាងសង់រួចហើយ និងបានដាក់ឱ្យប្រើប្រាស់មានចំនួន២៩ខ្សែ មានប្រវែងជាង៣ពាន់គីឡូម៉ែត្រ ហើយគម្រោងដែលកំពុងសាងសង់ មានចំនួន៣ខ្សែ ប្រវែង៣៦៣គីឡូម៉ែត្រ។
ចំណែកស្ពានធំៗ ដែលបានសាងសង់រួច មានចំនួន៩ស្ពាន ប្រវែង៨៥៦៥ម៉ែត្រ ហើយស្ពានដែលកំពុងសាងសង់ នៅសល់មួយទៀត គឺស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ចំនួន៩៩៦ម៉ែត្រ មានតម្លៃ៥៦លានដុល្លា ហើយថវិកាដែលរដ្ឋាភិបាលចិន ផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត៣ពាន់លានដុល្លារអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមិទ្ធផល ដែលបាននិងកំពុងកើតឡើង នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានកើតចេញមកពីកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសជាមួយសាធារណរដ្ឋប្រជាមានិតចិន៕