រដ្ឋាករទឹកស្វ័យតភ្នំពេញ: ដើមឆ្នាំ២០២៤ រាជធានីភ្នំពេញលែងមានបញ្ហាខ្វះទឹកប្រើប្រាស់ហើយ

0

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលការសាងសង់រោងចក្រ ផលិតទឹកស្អាតបាក់ខែង សម្រេចបាន60% នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២​៣ខាងមុខ ដូចនេះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងអាចមានទឹកប្រើបា្រស់គ្រប់គ្រាន់តាមតម្រូវការ។

នេះបើតាមលោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វ័យតភ្នំពេញ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី”វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅទី០១ខែមីនាឆ្នាំ២០២២នៅទីស្តីការគណ:រដ្ឋមន្ត្រី។

លោកបានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញពន្លឿន ការសាងសង់រោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត បាន៣៩០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ(ជំហានទី១ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងជំហានទី២ ១៩៥ម៉ឺន​​​ម៉ែត្រគូបក្នុងមួយថ្ងៃ) សម្រេចបានប្រមាណជា៦០% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូល ឱ្យបានគ្រប់គ្រាន់។

តាមប្រភពដដែលដដែលបានឲ្យដឹងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ។

លោកមានប្រសាសន៍ថា ក្នុងនោះដែរគឺរោងចក្របាក់ខែង ដែលទទួ​លបានការសម្ពោធ បើកការដ្ឋានពីសម្តេចតេជោ កាលពីខែ០១ឆ្នាំ២០២០កន្លងមកនោះ គឺយើងបានសំណង់ជំហានទី១ រហូតមកទល់ពេលនេះ បាន៦០%ហើយ អ៊ីចឹងសំណង់នេះតាមផែនការ បើទោះជាជួបប្រទះកូវីដ-១៩បែបណាក៏ដោយ ក៏យើងទាន់តាមការគ្រោងទុករបស់យើង គឺជាចុងឆ្នាំ២០២៣។

លោកឡុង ណារ៉ូបានបន្តថា “យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដើមឆ្នាំ២០២៤ គឺធានាថាទឹកនៅក្នុងរាជធានីភ្នំពេញ លែងមានបញ្ហាគឺគ្រប់គ្រាន់ទាំងអស់ហើយ”។លោកបន្ថែមថា “សព្វថ្ងៃនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក ក្រុមសាងសង់ពង្រីកបំពង់មេនាំទឹក ដែលយើងដាក់បំពង់រហូតទៅដល់២ម៉ែត្រ យើងដាក់ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលយើងមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាប ដោយចាប់ផ្ដើមការសាងសង់ នៅក្នុងខែ៤ខែ៥ឆ្នាំ២០២២នេះ នេះជាសំណង់មួយ ដែលជាសមិទ្ធផលរបស់សម្តេចតេជោ”។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹក ស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹក ដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here