ដោយ គង់ សូរិយា
ភ្នំពេញ៖ បណ្តាញអ្នកជំនួញអន្តរជាតិប្រចាំកម្ពុជាហៅកាត់ថា BNI Cambodia ក្នុងរយៈពេល៥ឆ្នាំមកនេះ បានផ្តល់ចំណូលឲ្យគ្នាទៅវញទៅមកក្នុងពិភពអាជីវកម្មចំនួន៦៣លានដុល្លារអាមេរិក។
នាយកប្រតិបត្តិនៃ BNI Cambodia លោក សឺ សុភ័ក្រ បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីជួបជុំសមាជិករបស់ខ្លួនពេញមួយថ្ងៃ នៅថ្ងៃទី២៧ ខែកញ្ញ ឆ្នាំ២០១៨នេះថា ចាប់ផ្តើមពីឆ្នាំ២០១៣មក ដោយមានសមាជិកជាង៥០០នាក់នៅទូទាំងប្រទេស និងបង្ហាញពីភាពរីកម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា រួមជាមួយអាត្រាចំណូលរបស់ខ្លួនរយៈពេល៥ឆ្នាំ (២០១៣-២០១៨)រហូតដល់៦៣លានដុល្លារ។
លោកបានបន្ថែមថា កម្មវិធីនេះមានគោលបំណង់ ដើម្បីឲ្យសមាជិកទាំងអស់បានជួបជុំគ្នា ព្រោះសមាជិកគ្រប់បណ្តាញទាំងអស់ មិនដែលបានជួបជុំគ្នាទេ ហើយក្នុងមួយឆ្នាំយើងត្រូវជួបជុំគ្នាម្តង ដើម្បីឱ្យគាត់បានស្គាល់គ្នាពង្រីកទំនាក់ទំនង ពង្រីកឱកាសអាជីវកម្ម និងបង្កើនមិត្តភាព។
BNI បានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត អាយ វិនម៉ាយស្ទ័រ នៅឆ្នាំ១៩៨។ បច្ចុប្បន្ន BNI មាននៅ៧៨ប្រទេសនិងមានសមាជិកជាង២៤ម៉ឺននាក់។
គោលបំណងចំបងរបស់ BNI គឺជាការជួយគ្នារវាងសមាជិករបស់ BNI ដូចគ្នា ដែលជាម្ចាស់អាជីវកម្ម ដើម្បីពង្រីកអាជីវកម្មតាមប្រព័ន្ធBNI។ អ្នកចូលរួមជាសមាជិករបស់ BNI និងទទួលបានអត្ថប្រយោជន៍ចំនួន៥យ៉ាង រួមមានទី១ ក្រុមទីផ្សារដ៏ធំ ទី២ បានសិទ្ធផ្តាច់មុខនៅក្នុងក្រុមរបស់គាត់ ទី៣ ប្រភពអតិថិជនជាប្រចាំ ទី៤ វគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ធ្វើយ៉ាងណា ដើម្បីម្ចាស់អាជីវកម្មមានការរីកចម្រើនកាន់តែខ្លាំង និងទី៥ទំនាក់ទំនងយូរអង្វែង៕