ដោយៈ សុផារី
ក្រុងព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែមីនានេះ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

សម្តេចបានមើលឃើញថា ទិដ្ឋភាពនៃខេត្តព្រះសីហនុរបស់កម្ពុជា គិតត្រឹមនៅខែមីនា ឆ្នាំ២០២២នេះ ពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល។ សម្តេចបានសរសេរថា ក្រុងព្រះសីហនុទៅអនាគតក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។

-->
សម្តេចសរសេរថា ”តាមរយៈទិដ្ឋភាពនេះ បានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ”។

សម្តេចបានសរសេរបន្តថា “ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជា ដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក”។
ក្នុងចក្ខុវិស័យប្រែក្លាយក្រុងព្រះសីហនុ ជាទីក្រុងឆ្លាតវៃ តាមរយៈការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារ ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយសរុបប្រមាណ៣០០លានដុល្លារអាមេរិក និងគម្រោងកំពង់ផែទឹកជ្រៅជាដើម។

កន្លងមក ជនជាតិចិនគឺជាវិនិយោគិនលំដាប់លេខមួយ នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះរដ្ឋបាលខេត្ត និងអាជ្ញាធរបានខេត្តបាន និងកំពុងគិតគូរពីការផ្សព្វផ្សាយ និងការសម្របសម្រួលនានា ដើម្បីទាញយកទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគរទេសផ្សេងទៀត ដូចជាទីផ្សារអាស៊ាននិងអឺរ៉ុបផងដែរ៕
