ដោយៈវឌ្ឍនៈ
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋាន មួយក្រោមការវិនិយោគរបស់វិនិយោគិនចិន នៅកម្ពុជាលើទំហំផ្ទៃដីជាង២៧០ហិចតា បាននិងកំពុងបញ្ចេញសកម្មភាពជាបន្តបន្ទាប់ ក្រោយស្ថានភាពកូវីដ១៩បានធូរស្រាល។

គម្រោងនេះ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥ ប៉ែកខាងជើងរាជធានីភ្នំពេញ ហើយវានឹងជំរុញសក្ដានុពលវិនិយោគ លើលំនៅឋាន និងពាណិជ្ជកម្មនៅតំបន់នេះ កាន់តែខ្លាំងឡើងនៅពេលអនាគត។
-->
លោកGong Hongda អ្នកគ្រប់គ្រងគម្រោងបុរីភូមិសំរោង ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ព្រីនហ័នយូររៀលអ៉ីស្ទេតគ្រុប បានឱ្យដឹងថា តាមរយៈផែនការប្លង់មេរបស់គម្រោងនេះ នឹងបង្ហាញពីសក្ដានុពលនៃការអភីវឌ្ឍន៍ បន្តបន្ទាប់ទៀតនៅពេលអនាគត។
លោកបន្តថា គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីរហូតដល់ជាង២៧០ហិចតា រួមមានផ្ទះអាជីវកម្ម ខុនដូ ផ្សារទំនើប និងមានកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីនោះ ក៏ដូចជាប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទាំងមូលផងដែរ។ តំបន់នេះនឹងបង្កើតជាតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញមួយ នៅពេលអនាគតដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងចាក់បំពេញដី ដើម្បីត្រៀមរៀបចំការអភិវឌ្ឍទៅតាមគម្រោងនិងផែនការ ។
លោកបន្តទៀតថា “គម្រោងនេះ នឹងជំរុញឱ្យសក្ដានុពលវិនិយោគតាមបណ្ដោយផ្លូវជាតិលេខ៥ កាន់តែមានសន្ទុះមួយកម្រិតទៀតហើយអាចនិយាយថាគម្រោងបុរី ភូមិសំរោងជាគម្រោងដែលធំជាងគេនៅក្នុងតំបន់នោះ និងកាន់តែមានភាពទាក់ទាញ ក៏ដូចជាស្រូបបានការវិនិយោគបន្ថែមពីវិនិយោគិនផ្សេងទៀត”។

លោកបន្ថែមថា ដោយផ្អែកទៅលើភាពពេញនិយម នាំមុខគេនៃវិថីពាណិជ្ជកម្មផ្លូវជាតិលេខ៥ គម្រោង បុរី ភូមិសំរោង នឹងបង្កើតនូវតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មប្រមូលផ្តុំចំនួនពីរ ជុំវិញចំណុចស្នូលទាំងប្រាំពីរនៃគម្រោង ដោយនាំមកនូវក្រុមមនុស្សអ្នកប្រើប្រាស់បែបអភិជនក្នុងរាជធានីភ្នំពេញ និងខិតខំបង្កើតទៅជាមជ្ឈមណ្ឌលថ្មីដ៏អ៊ូអរក្នុងរាជធានីភ្នំពេញ ដែលជាទម្រង់ពាណិជ្ជកម្មច្រកចេញចូលតែមួយ។
គម្រោងអភិវឌ្ឍន៍មួយនេះដែរ ក៏នឹងទាក់ទាញឱ្យម៉ាកយីហោល្បីៗ ជាច្រើនស្វែងរកទីតាំង ដើម្បីបង្កើតអាជីវកម្មរបស់ខ្លួននៅពេលខាងមុខផងដែរ ។
លោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរ នៅប៉ែកខាងរាជធានីភ្នំពេញ
នឹងក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏ទាក់ទាញមួយនៅជាយរាជធានីភ្នំពេញ ខណៈបច្ចុប្បន្ននេះការអភិវឌ្ឍលំនៅឋាន នៅតំបន់ខាងជើងរាជធានី ក៏ហាក់មានសកម្មភាពកើនឡើយគួរឱ្យកត់សម្គាល់ដែរ។
លោកស្រីបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង និងប្រព័ន្ធទឹក នឹងជំរុញឱ្យមានការអភិវឌ្ឍ និងវិនិយោគលើអចលនទ្រព្យកាន់តែច្រើន ជាពិសេសលើលំនៅឋានតម្លៃសមរម្យ ហើយក៏ធ្វើឱ្យជាយរាជធានី កាន់តែខិតជិតរាជធានីភ្នំពេញផងដែរ#។

ផែនការពង្រីកក្រុងភ្នំពេញ បាននិងកំពុងហុចផលជាបន្តបន្ទាប់ តាមរយៈការអភិវឌ្ឍរបស់វិស័យឯកជន និងរដ្ឋ ហើយនិងបានធ្វើឱ្យតំបន់នៅជាយរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសតម្លៃដីធ្លីក៏នឹងមានកំណើនទៅតាមកំលាំងនៃការអភិវឌ្ឍនោះដែរ៕